(រតនគិរី)៖ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមខេត្តកន្ទូម ៤នាក់បន្ថែមទៀត ត្រូវបានរកឃើញនៅក្នុងមូលដ្ឋានខេត្តរតនគិរី ហើយបានប្រគល់ជូនភាគីវៀតណាមវិញ ដើម្បីយកទៅប្រទេសកំណើតរបស់គេ។

ពិធីជូនដំណើរអដ្ឋិធាតុទាំង៤នាក់ខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្រោមអធិបតីភាពលោក ស៊ូ សិរី អភិបាលរងខេត្តរតនគិរី និងជាប្រធានគណៈកម្មការ រុករកអដ្ឋិធាតុខេត្តរតនគិរី និងលោកស្រី អុី ង៉ុក អនុប្រធានគណកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការរុករកអដ្ឋិធាតុខេត្តកន្ទូម (វៀតណាម)។

លោក ស៊ូ សិរី បានលើកឡើងថា ការស្វែង ការរុករក និងការធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាម ដែលបានពលីអាយុជីវិត ក្នុងសម័យសង្គ្រាមនៅខេត្តរតនគិរី គឺអនុវត្តន៍តាមកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្តរតនគិរី ជាមួយខេត្តកន្ទូម។

លោកបន្តថា ចំពោះការចូលរួមស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ដ៏ល្អផង និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាម លើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសកម្ពុជា ឲ្យមានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន។ ដូច្នេះក្នុងនាមអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត ចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងចំពោះកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីកម្ពុជា។

ជាមួយគ្នានេះ លោកស្រី អុី ង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទូម នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខេត្តរតនគិរី ដែលបានសហការល្អ ជាមួយក្រុមការងារអង្គភាព K53 របស់វៀតណាម ក្នុងការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាម ដោយទទួលបានលទ្ធផលល្អប្រសើរ៕