(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធសមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី១ ដែលមានសិស្សនគរបាលជ័យលាភីចំនួន១៨០នាក់។

ចំណែកសមិទ្ធផលដែលត្រូវបានដាក់សម្ពោធនានាពេលនោះ មានដូចជាផ្លូវក្រាលកៅស៊ូអេស៊ី (AC) ប្រវែង២១៥៣ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៦០០ម៉ែត្រ ជាអំណោយរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អគារស្នាក់នៅ១ខ្នង កម្ពស់២ជាន់ ជាអំណោយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអគារសាលសហសិក្សា ១ខ្នងកម្ពស់២ជាន់ ដែលជាអំណោយរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល តារាងបាល់ទាត់, បាល់ទះ, ស្រះទឹក, សួនច្បារ, សួនរុក្ខជាតិ, រុក្ខវិថី, ឡដុតសំរាម, គ្រែ, តុ, កៅអី, ព្រមទាំងសម្ភារគាំទ្រមួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរសជននានា។

ក្នុងពិធីបិទវគ្គសិស្សនគរបាលខាងលើនេះ លោកឧត្តមសេនីយ៍ទោ តុង អាន នាយកសាលាបានថ្លែងសន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបអំពីលទ្ធផល នៃការងារបណ្ដុះបណ្ដាលនិងដំណើ រការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានារបស់សាលានគរបាលជាតិភូមិភាគ៦ ក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងនេះ។

ក្នុងពិធីនេះសម្ដេចក្រឡាហោម បានលើកឡើងថា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ ដល់ការងារអប់រំ បណ្ដុះបណ្ដាល ព្រមទាំងដាក់ចេញនៅផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយបានផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រីកសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិឲ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនិងតម្រូវការនៃអង្គភាពនគរបាល។

សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់របស់បណ្ឌិតសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៦ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្ដុះបណ្ដាល ក្នុងយុគ្គសម័យនៃសន្តិភាព និងប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍន៍បណ្ឌិតសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគនានា។ សម្ដេចក្រឡាហោម ក៏បានថ្លែងកោតសរសើរដល់សិស្សនគរបាលជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យព្រមទាំងបានផ្ដាំផ្ញើដល់សិស្សនគរបាលជ័យលាភីទាំងអស់ឲ្យយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឲ្យមានប្រយោ ជន៍ដល់អង្គភាព និងសង្គមជាតិ។

នាឱកាសនោះសម្ដេចក្រឡាហោម បានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្សនគរបាលជ័យលាភីចំនួន ១០រូបនិងបានផ្តល់លិខិតថ្លៃងអំណរគុណដល់សប្បុរសជនចំនួន៨រូប ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួនក្នុងការចូលរួមកសាងនូវសមិទ្ធផលជាច្រើននៅក្នុងសាលានគរបាលជាតិភូមិភាគ៦ខាងលើនេះផងដែរ។

ក្នុងពិធីខាងលើនេះ មានសប្បុរសជនបានចូលរួមជាថវិកាក្នុងការជួយបំពេញការខ្វះខាត និងកសាងនូវសមិទ្ធផលនានាបន្ថែមក្នុងសាលានគរបាលជាតិភូមិភាគ៦ តាមរយៈសម្ដេចក្រឡាហោម សរុបបានចំនួន៩ម៉ឺនដុល្លារ ដោយឡែកសម្ដេចក្រឡាហោម ក៏បានឧបត្ថម្ភក្នុងកម្មវិធីចំនួន៥លានរៀល និងឧបត្ថម្ភដល់សិស្សនគរបាលជ័យលាភីចំនួន១៨៨នាក់ ក្នុងម្នាក់ៗទទួលបាន ១០ម៉ឺនរៀលផងដែរ៕