(ភ្នំពេញ)៖ កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ បន្តរៀបចំពង្រឹងផ្នែកចិត្តសាស្ត្រដល់កងទ័ព ដែលជាអាវុធដ៏មុតស្រួច ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍកាន់តែរីកចម្រើន នៃបច្ចេកវិទ្យាសម័យទំនើប ក៏ដូចជាការផ្ទុះឡើងនូវព័ត៌មានក្លែងក្លាយពីគ្រប់ទិសទី។

នៅក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈជំនាញការិយាល័យទី៥ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ឧត្តមសេនីយឯក សោម សាទុំ មេបញ្ជាការរងកងទ័ពជើងអាកាស បានថ្លែងថា កងទ័ពជើងអាកាសកំពុងមានស្មារតីយកចិត្តទុកដាក់ក្នុងភារកិច្ច យល់ច្បាស់ពីសារៈសំខាន់ និងភាពចាំបាច់មិនអាចខ្វះបាននៃការងារអប់រំនូវចិត្តសាស្ត្រ ដែលជាត្រីវិស័យសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសចំពោះកងយោធពលខេមរភូមិន្ទកម្ពុជា។

លោកឧត្តមសេនីយ៍ឯក បានបន្តថា ការអប់រំចិត្តសាស្ត្រនេះ ជាកម្លាំងចលករមួយដ៏មានឥទ្ធិពល ជាអាវុធដ៏មុតស្រួចផ្ដល់នូវកម្លាំងចិត្ត កម្លាំងកាយដល់យោធិនគ្រប់រូបឱ្យរឹតតែមានភាពខ្លាំងក្លារឹងមាំ ជាពិសេសជំរុញនូវគោលជំហរ ស្មារតី សតិអារម្មណ៍របស់យោធិនម្នាក់ៗឱ្យមានឆន្ទៈមនសិការស្នេហាជាតិមុតមាំ ឈានទៅអនុវត្តសម្រេចជោគជ័យនូវគ្រប់ភារកិច្ចធំៗ គោលនយោបាយរបស់រាជរដ្ឋាភិបាល បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ពិសេសរាល់បទបញ្ជា និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចុះសំដៅជំរុញរាល់ដំណើរការនៃស្ថាប័នជាតិឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក សោម សាទុម បានបន្ថែមថា ទោះសិក្ខាកាមទាំងអស់ សុទ្ធសឹងតែមានសមត្ថភាព ជំនាញច្បាស់លាស់ និងបទពិសោធន៍យូរឆ្នាំមកហើយ តែចាំបាច់ត្រូវប្រមូលផ្ដុំអារម្មណ៍ យកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ និងឈ្វេងយល់ឱ្យស៊ីជម្រៅ ដើម្បីផ្សព្វផ្សាយដល់យោធិនក្នុងអង្គភាពរបស់ខ្លួន ដើម្បីពង្រឹងស្មារតីសតិអារម្មណ៍ និងគោលជំហរនយោបាយចិត្តសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ថ្វីត្បិតប្រទេសជាតិ មានស្ថិរភាព និងសុខសន្តិភាពពេញលេញយ៉ាងណាក៏ដោយ។

មេបញ្ជាការរងកងទ័ពជើងអាកាស បានលើកឡើងថា កងយោធពលខេមរភូមិន្ទ ត្រូវការជាចាំបាច់នូវធនធានមនុស្សជាអ្នកបន្តវេន ពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ មានវិជ្ជាជីវៈច្បាស់លាស់ ប្រកបដោយសីលធម៌ និងគុណធម៌ ព្រោះកងទ័ព គឺជាសសរទ្រូងរបស់ប្រទេសជាតិ ដែលចាំបាច់ត្រូវតែរឹងមាំ មោះមុត និងមានទឹកចិត្តស្នេហាជាតិពិតប្រាកដ ស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល នោះទើបប្រទេសជាតិអាចទទួលបាននូវសុខសន្តិភាព វឌ្ឍនភាព និងសុភមង្គល ដែលជាក្តីប្រាថ្នារួមរបស់ប្រជាពលរដ្ឋ។ យ៉ាងណាមិញកងទ័ពជើងអាកាស ក៏ត្រូវការចាំបាច់នូវធនធានមនុស្សដែលមានលក្ខណៈសម្បត្តិ ដើម្បីពួតដៃសហការគ្នាយ៉ាងជិតស្និទ្ធជាមួយគ្រប់អង្គភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងការបំពេញឱ្យសម្រេចបានជោគជ័យជូនជាតិមាតុភូមិ។

ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក សោម សាទុម ក៏សូមស្ងើចសរសើរចំពោះនាយទាហាន នាយទាហានរង និងពល ទាហានទាំងអស់ ដែលបានខិតខំបំពេញគ្រប់ភារកិច្ច ក្នុងស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានលទ្ធផលគួរជាទីមោទនៈ៕