(ឥណ្ឌូនេស៉ី)៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សុន្ទរកថាពិសេស លើប្រធានបទ «ស្នូលនៃកំណើន» នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី១៨ ដែលកំពុងប្រព្រឹត្តទៅនៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងសុន្ទរកថានោះ លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា អាស៊ានកំពុងតែត្រូវបានមើលឃើញកាន់តែខ្លាំងឡើងៗ ជាស្នូលនៃកំណើនសកល ហើយអាស៊ានមានសក្តានុពល និងកាលានុវត្តភាពយ៉ាងច្រើនសម្រាប់ឲ្យប្រព័ន្ធផ្សព្វផ្សាយពង្រីកខ្លួន ដើម្បីចាប់យកឱកាសពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ាន។

នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី ១៨ នៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ TVRI និង TV AIBD។

លោកបានចែករំលែកទស្សនៈរបស់គាត់ ស្តីពីអាទិភាពទាំងឡាយរបស់អាស៊ាននាពេលបច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ១៩ ព្រមទាំងការវិវត្តន៍ថ្មីៗនៅក្នុងតំបន់ និងអន្តរជាតិ៕