(ភ្នំពេញ)៖ មេខ្លោងបំផុសបដិវត្តន៍កសិករ ៣ នាក់ រួមមាន ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួក ២ នាក់ទៀត ឈ្មោះ ថាន់ ហាច និង ញ៉ិល ភាព​ ត្រូវបានសាលាដំបូងខេត្តរតនគិរី សម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយមានការស្រាវជ្រាវនិងសួរ​ចម្លើយពីសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ការអនុវត្តវិធានការច្បាប់ប្រឆាំងនឹង ថេង សាវឿន និងបក្ខពួកដោយសាតែពួកគេមានគោលដៅនយោបាយ និងមានចេតនាញុះញង់បំបះបំបោរកសិករ ឱ្យងើប​បះ​បោរ​បង្ក​ចលាចលសង្គម និងឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាតាមគ្រប់រូបភាព។

ភស្តុតាងជាច្រើនដែលប្រមូលបាន រួមនឹងការសារភាពពី ថេង សាវឿន ដោយផ្ទាល់នៅពេលស្តាប់ចម្លើយបានបង្ហាញថាក្រុម ថេង សាវឿន បាននិងកំពុងអនុវត្តផែនការបដិវត្តន៍កសិករយ៉ាងពិតប្រាកដ។ តាមសម្តីសារភាពរបស់ ថេង សាវឿន សកម្មភាពបដិវត្តន៍កសិករនេះក៏មានការជាប់ពាក់ព័ន្ធនឹងសមាគម សហគមន៍ និងអង្គការសង្គមស៊ីវិល និងបុគ្គលមួយចំនួនទៀតផងដែរ។ ជាមួយគ្នានេះ តាមចម្លើយសារភាព ក្នុងមួយឆ្នាំៗ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ទទួលថវិកាពីបរទេសប្រមាណកន្លះលានដុល្លារអាម៉េរិកដើម្បីអនុវត្តផែនការបដិវត្តន៍កសិករ។ ថវិកានេះក៏មានការពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្មពីបរទេស ដើម្បីបម្រើឱ្យការធ្វើសកម្មភាពបង្កចលាចលសង្គមនៅកម្ពុជា និងបំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍន៍របស់កម្ពុជា។

យោងតាមឯកសារ និងភស្តុតាងដែលប្រមូលបានដោយសមត្ថកិច្ច សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) អះអាងថាខ្លួនធ្វើសកម្មភាពដើម្បីជួយប្រជាកសិករ ជួយសហគមន៍ ប៉ុន្តែធាតុពិត មេរៀននិងឯកសារដែលពួកគេបានប្រើប្រាស់ដើម្បីបណ្តុះបណ្តាលនិងផ្សព្វផ្សាយផ្តោតសំខាន់លើការធ្វើបដិវត្តន៍ផ្តួលរំលំរបបដឹកនាំ ការញុះញង់និងដុតកំហឹងវណ្ណៈ និងស្អប់ខ្ពើមក្នុងសង្គម និងការបំភ្លៃការពិត។ ឯកសារក៏បាន បង្ហាញថាសមាគមនេះបានប្រព្រឹត្តខុសលក្ខន្តិកៈរបស់ខ្លួនដោយមានការពាក់ព័ន្ធនឹង​គណបក្សនយោបាយថែមទៀតផង។ នេះគឺជាការអនុវត្តផែនការបដិវត្តន៍ពណ៌ដោយជ្រកក្រោមស្លាកកសិករ តែមិនមែនជាការជួយកសិករឡើយ តែប្រើប្រាស់កសិករដើម្បីបម្រើកលល្បិចនយោបាយបដិវត្តន៍របស់ខ្លួន និងបម្រើនយោបាយបរទេស បំផ្លាញជាតិឯង។

នេះមិនមែនជាលើកទី១ ទេដែលថេង សាវឿន ត្រូវបានចាប់ខ្លួន។ ប្រធានអង្គការរូបនេះធ្លាប់ត្រូវបានចាប់ខ្លួននិងផ្តន្ទាទោសម្តងរួចមកហើយជាមួយ វន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក៏ជាប្រធានសហភាពផ្ទះសាមគ្គី បន្ទាប់ពីពួកគេនិងបក្ខពួកផ្សេងទៀតបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តផែនការបដិវត្តន៍ពណ៌ដឹកនាំមេដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេសធ្វើកុបកម្មផ្តួលរំលំរដ្ឋាភិបាលនៅដើមឆ្នាំ២០១៤។ ផែនការបដិវត្តន៍កសិករនេះត្រូវបានលាតត្រដាងយ៉ាងច្បាស់ និងបានដំណើរការនិងមានរចនាសម្ព័ន្ធច្បាស់លាស់ ហើយពួកគេបានបង្ហាត់បង្រៀនកសិករនៅតាមបណ្តាខេត្តនានាសម្រាប់ត្រៀមលក្ខណៈរួចជាស្រេចដើម្បីធ្វើសកម្មភាព។ ជាក់ស្តែង សមាគមនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានបរទេសនៅពីក្រោយកំពុងកៀរគរប្រជាកសិករដែលទទួលការបណ្តុះបណ្តាលឱ្យឡើងមកតវ៉ាទាមទារដោះលែងមេខ្លោងបដិវត្តន៍ពណ៌ ថេង សាវឿន និងបក្ខពួកដោយឥតលក្ខខណ្ឌ។ នេះជាភស្តុតាងមួយយ៉ាងពិតប្រាកដដែលបង្ហាញពីផែនការទុច្ចរឹតក្នុងការញុះញង់និងប្រើប្រាស់កសិករជាឈ្នាន់ដើម្បីធ្វើបដិវត្តន៍ពណ៌។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ករណីបំផុសរឿង «បដិវត្តន៍កសិករ» កម្លាំងសមត្ថកិច្ចមានភស្តុតាងជាច្រើនទៀត ពាក់ព័ន្ធករណីប៉ុនប៉ងផ្តួលរំលំនេះ ហើយក៏មានក្រុមហ៊ុនកសិកម្មមួយចំនួននៅក្នុងស្រុកជាប់ពាក់ព័ន្ធផងដែរ តែមិនទាន់ត្រូវបានតុលាការបញ្ចេញឈ្មោះឲ្យដឹង។ លោក ខៀវ សុភ័គ បានបន្ថែមថា ករណីខាងលើនេះជនសង្ស័យទាំង៣នាក់ ក៏បានសារភាពអំពីផែនការទាំងនេះដែរ ដូច្នេះសរបញ្ជាក់ថា ផែនការបំផុសរឿងបដិវត្តន៍កសិករ ពិតជាមានមែន។ តាមរយៈភស្តុតាងដែលមាននិងសកម្មភាពដែលបាននិងកំពុងធ្វើបានបង្ហាញពីការអនុវត្តផែនការបដិវត្តន៍កសិករយ៉ាងពិតប្រាកដ និងពិតជាគ្រោះថ្នាក់បំផុតសម្រាប់ជាតិ ដែលចាំបាច់កម្លាំងសម្ថកិច្ចត្រូវចាត់វិធាននានាដើម្បីកម្ចាត់មេរោគសង្គមនេះកុំឱ្យបន្តបំផ្លាញសន្តិភាព​ និងសណ្តាប់ធ្នាប់សារណៈនៅកម្ពុជាបាន។ មេរៀនបដិវត្តន៍ពណ៌អនុវត្តដោយ ខ្មោចបក្សសង្គ្រោះជាតិវាគ្រប់គ្រាន់ហើយសម្រាប់កម្ពុជា ហើយកម្ពុជាក៏ឆ្អែតឆ្អន់ហើយដែរពីបដិវត្តន៍ផ្លាស់ប្តូររបប និងការឆ្លងកាត់សង្គ្រាមស៊ីវិល។ សង្គ្រាមកម្ពុជាដែលកើតចេញពីការជ្រៀតជ្រែករបស់បរទេស និងបានបំផ្លិចបំផ្លាញកម្ពុជាស្ទើរស្មើសូន្យ។

ដោយឈរលើមេរៀនបទពិសោធនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើដល់បរទេសទាំងឡាយមិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ។ កម្ពុជាដែលជារដ្ឋឯករាជ្យ អធិបតេយ្យភាពជាតិ និងបូរណភាពដែនដី។ សម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ជាច្រើនលើកច្រើនសាហើយថានឹងមិនអនុញ្ញាតឱ្យក្រុមជនមួយក្តាប់តូចបំផ្លាញសន្តិភាពដែលរកបានដោយពិបាកនេះឡើយ។ ប្រជាពលរដ្ឋកម្ពុជារួមកម្លាំងជាមួយរាជរដ្ឋាភិបាលកម្ពុជាការពារសន្តិភាពឱ្យខាងតែបាន។ ភស្តុតាងទាក់ទងនឹងបដិវត្តន៍កសិករនេះមានច្រើនទៀត ដែលនឹងត្រូវលាតត្រដាងជាបន្តបន្ទាប់ ហើយអង្គការមួយចំនួនដែលមានការពាក់ព័ន្ធគួរតែដកខ្លួនបន្ទាន់ ព្រោះថាការអនុវត្តច្បាប់ដើម្បីការពារសន្តិភាព និងភាពសុខក្សេមក្សាន្តរបស់ជាតិនិងប្រជាជនកម្ពុជានឹងមិនលើកលែងឡើយ៕​

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣