(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា នឹងអញ្ជើញសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រម​ទាំងចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ​នេះ។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ដែល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានដើរតួនាទី យ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសិល្បៈ វប្បធម៌ ដែល​ជា​អត្តសញ្ញាណជាតិ។

ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបិទ​ទ្វារ​ទាំងស្រុង។ ក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សាលាបានបើក​ទ្វារ​ជា​ផ្លូវការ ក្នុងកម្រិតមធ្យមសិក្សា និងមានឈ្មោះថា «សាលាវិចិត្រ សិល្បៈ» ដែលមាន​បង្រៀនជំនាញតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប។

អនុក្រឹត្យចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៨៨ បានបង្កើតជាសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈឡើងវិញ ដោយចែកជាប្រាំមហាវិទ្យាល័យរួមមាន៖ មហាវិទ្យាល័យ បុរាណ​វិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យា មហាវិទ្យាល័យសិល្បៈ​សូន​រូប មហាវិទ្យាល័យតូរ្យតន្ត្រី មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។ លុះខែឧសភា ឆ្នាំ​២០២០ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានក្លាយជាគ្រឹះស្ថានសាធារណៈ​រដ្ឋ​បាល ហើយក៏បានបង្កើតអង្គភាពក្រោមឱវាទមួយទៀត គឺមជ្ឈមណ្ឌលស្រាវ​ជ្រាវ​វប្ប​ធម៌ និងនវានុវត្តន៍ ដែលមានតួនាទីស្រាវជ្រាវ ចងក្រង បោះពុម្ព និងផ្សព្វផ្សាយអំពី សិល្បៈ និងវប្បធម៌ខ្មែរ។

ចាប់តាំងពីការរស់រាននៃជីវិតទី២ឡើងវិញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាន​បណ្តុះបណ្តាលធនធានមនុស្សសរុបចំនួន ៤,៥១៦នាក់ (នារី ១៤០៩នាក់ ស្មើ ៣០.២%) លើមុខជំនាញទាំង ៥របស់ខ្លួន។ ធនធានមនុស្សខាងលើនេះ បច្ចុប្បន្ន​កំពុងបំពេញការងារនៅតាមស្ថាប័នជាតិនានា វិស័យឯកជន អង្គការ សមាគមនានា និងមួយចំនួនបន្តការសិក្សានៅឯបរទេស រីឯអ្នកខ្លះទៀតបានក្លាយ​ជាគ្រូកំពុងបង្ហាត់​បង្រៀនដល់និស្សិតជំនាន់ក្រោយ ដែលជាអ្នកបន្តវេន។

ដោយឡែកនិស្សិតបញ្ចប់ការសិក្សាហើយទទួលសញ្ញាបត្រនៅថ្ងៃទី២៥ ខែឧសភា មានចំនួន ៨៨៨នាក់ ( នារី ៣៨៦នាក់ ស្មើ ៤៣.៤៧% ) ក្នុងនោះមួយរូបជាជន​ពិការ (ថ្លង់) បានបញ្ចប់ការសិក្សា​ក្នុងឆ្នាំសិក្សា​២០២០-២០២១ និង២០២១​-២០​២២ ដោយជោគជ័យ។ ក្នុងចំណោមនោះ មាននិសិ្សតចំនួន ៨នាក់ (នារី ៥នាក់) បានបញ្ចប់ការសិក្សាបរិញ្ញាបត្រពីគម្រោងមនុស្សសាស្ត្រ ដែលជាសហប្រតិបត្តិការ​រវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយវិទ្យាស្ថានភាសា និងអារ្យធម៌​បូព៌ា​ប្រទេស ហៅកាត់ថា (INALCO) នៃប្រទេសបារាំង។

បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានក្រុមប្រឹក្សាភិបាល គណៈគ្រប់​គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ គ្រូ និងបុគ្គលិក សរុបចំនួន ៣៣១នាក់ ( នារី ៩១នាក់ ស្មើ ២៧.៤៩%) ក្នុងនោះ មានបុគ្គលិកពិការ ចំនួន ៣នាក់។ ក្នុងឆ្នាំសិក្សា​២០​២២​-២០២៣នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កំពុងបណ្តុះបណ្តាល​និស្សិ​ត លើជំនាញទាំង ៥មហាវិទ្យាល័យ សរុបចំនួន ២,៦៨៥នាក់ (នារី ១,១៩​៤នាក់ ស្មើ ៤៤.៤៧% ) ក្នុងនោះ ព្រះសង្ឃចំនួន ១០អង្គ និងនិស្សិតពិការ ចំនួន ៦នាក់ (ស្រី ៣នាក់)។

សូមបញ្ជាក់ថា ដោយផ្តើមចេញពីការពិនិត្យឃើញពីកំណើនឥតឈប់ឈរ នៃតម្រូវ​ការសិក្សា ក្នុងវិស័យសិល្បៈវប្បធម៌របស់និស្សិតពីគ្រប់មជ្ឈដ្ឋាន សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ បានធ្វើសម្បទានដីមួយកន្លែង ជូនក្រសួង​វប្ប​ធម៌ និងវិចិត្រសិល្បៈ មានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍជ្រោយចង្វារ ក្នុងសង្កាត់ព្រែក​លៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទំហំសរុបប្រមាណ ៤ហិកតា ដែលក្នុង​នោះ ដីជាង ៣ហិកតា សម្រាប់សាងសង់សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈថ្មី និង​ជិត ១ហិកតាទៀត សម្រាប់សាងសង់មជ្ឈមណ្ឌល​វប្បធម៌​។

កិច្ចដំណើរការ នៃការកសាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីជាជំហានដំបូង គឺការសាងសង់អគារសិក្សាអគារ «ខ» ដំណាក់កាលទី១ ដែលបានចាប់ផ្តើមបញ្ចុះ​បឋមសិលា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី១៣ ខែ​ឧសភា ឆ្នាំ២០២២ ដោយមានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលចំនួន ១២លាន​ដុល្លារ។

អគារ «ខ» នេះ មានទំហំសរុបចំនួន ៤៧,០០០ម៉ែត្រក្រឡា ដែលមានបណ្តោយ​ប្រវែង ១៩៦ម៉ែត្រ ទទឹងប្រវែង ៤៥ម៉ែត្រ កម្ពស់ ៤ជាន់ ចែកចេញជា ១២៣​បន្ទប់​។ ក្រៅពីនេះ មានចំណតរថយន្តក្រោមដី ១ជាន់ ដែលអាចចតរថយន្តបានចំនួន ២០៤​គ្រឿង និងម៉ូតូចំនួន ៥០០គ្រឿង។ ក្រុមហ៊ុនដែលទទួលការងារ​សាងសង់​អគារ «ខ»នេះ គឺក្រុមហ៊ុន PT &C Engineering Co.LTD.។

ចំណែ​ក​ផ្ទៃ​ដី​ទំហំ​ជិត​មួយហិកតាទៀត នឹងត្រូវអភិវឌ្ឍសាងសង់ជាមជ្ឈមណ្ឌល​បណ្តុះ​​​បណ្តាលសិល្បៈកម្ពុជា-កូរ៉េ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈកម្ពុជា ជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណ​រដ្ឋកូរ៉េ ក្នុងគម្រោងថវិកាប្រមាណ ៥.៣លានដុល្លារ។

មជ្ឈមណ្ឌលនេះ ផ្តោតទៅលើការបណ្តុះបណ្តាលសិល្បៈ ផ្នែកតូរ្យតន្ត្រី សិល្បៈនាដ​សាស្រ្ត និងសិល្បៈសូនរូប ហើយការសាងសង់នឹងត្រូវចាប់ ផ្តើមក្នុងពេលខាង​មុខ​នេះ ដោយគ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៤៕