(ភ្នំពេញ)៖ នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ូរី ម៉ាសាហ៉ីកុ (Mori Masahiko) ប្រធានក្រុមហ៊ុន DMG MORI របស់ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សា លើការងារមួយចំនួនពាក់ព័ន្ធការធ្វើធុរកិច្ច។

ជួបសម្តែងការគួរ និងស្វែងយល់ពីការធ្វើធុរកិច្ចនេះ រវាងសម្តេចតេជោ និងប្រធាន​ក្រុមហ៊ុន DMG MORI បានធ្វើឡើងនៅវិមានសន្តិភាព។

សូមបញ្ជាក់ថា DMG MORI គឺជាក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនមានសមត្ថភាពខ្ពស់ ឈានមុខគេ នៅទូទាំងពិភពលោក និងបច្ចេកវិទ្យាការពារបរិស្ថាន ដែលជាការចាប់ផ្តើម នៃខ្សែ​ច្រវាក់តម្លៃសកល។

ក្រុមហ៊ុននេះ មានបុគ្គលិកជាង១២,០០០នាក់ កំពុងធ្វើទំនាក់ទំនងដោយផ្ទាល់​ជា​មួយរោងចក្រ ហើយមានអតិថិជន ១៥០,០០០។

DMG MORI មានវត្តមាន នៅក្នុងប្រទេសចំនួន៤៣ ជុំវិញពិភពលោក ដែលមាន​រោងចក្រផលិតចំនួន ១៦កន្លែងលក់ និងសេវាកម្មចំនួន១១៣ ព្រមទាំងកំពុង​ជំរុញយ៉ាងសកម្មនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម និងឌីជីថល៕