(បន្ទាយមានជ័យ)៖ អនុវត្តតាមគោលការណ៍សមាគមមូលនិធិ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាក្រុមប្រឹក្សាភិបាល នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គសមាគមមូលនិធិ វ៉ាយ អិល ភី ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកសកម្មទាំងអស់។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារផ្តល់ទុនកម្ចីគ្មានការប្រាក់សម្រាប់អភិវឌ្ឍន៍មុខរបរកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងបន្តបង្កើនការផ្សព្វផ្សាយ និងជំរុញឱ្យប្រជាកសិករខេត្តបន្ទាយមានជ័យ យល់ដឹងពីសមាគមមូលនិធិ និងការកម្ចីឥណទានមូលនិធិ ពិសេសជំរុញឱ្យកសិករក្នុងខេត្តបន្ទាយមានជ័យ ដែលខ្វះខាតទុនខ្ចីទុនបម្រុងបន្ថែមដើម្បីពង្រឹងអាជីវកម្មគ្រួសារ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អរគុណដល់អាជ្ញាធរមូលដ្ឋានដែលបានផ្តល់កិច្ចសហការរួមគ្នាផ្តល់ភាពសប្បាយរីករាយ និងពេញចិត្តគាំទ្រសកម្មភាពនៃការផ្ដល់កម្ចីរបស់មូលនិធិដល់ពួកគាត់ ដើម្បីមានទុនក្នុងការបង្ករបង្កើនផលតាមរយៈការដាំដុះដំណាំកសិកម្ម និងការចិញ្ចឹមសត្វបានចូលរួមចំណែកក្នុងការសម្រួលដល់បញ្ហាប្រឈមដែលប៉ះពាល់ដល់ការរស់នៅក្នុងគ្រួសាររបស់ពួកគាត់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានជួបការលំបាក ខ្វះទុន ប្រកបអាជីវកម្មបានមកខ្ចីទុនពីសមាគមមូលនិធីវ៉ាយ អិល ភី បានសម្តែងនូវការដឹងគុណដល់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគមនេះឡើងសម្រាលបានភាពលំបាកជូនប្រជាពលរដ្ឋ មានមុខរបរបង្កើនប្រាក់ចំណូលមានជីវភាពធូរធារ៕