(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការសុំទោសជាសាធារណៈរបស់ លោក ជា ប៉ូច សមាជិកអចិន្រ្តៃយ៍គណបក្សភ្លើងទៀន ចំពោះសម្តេច នាពេលនេះ គឺមិនគ្រប់គ្រាន់ទេ ដោយសារ លោក ជា ប៉ូច ជាមនុស្សក្រឡិចក្រឡុចបំផុត ហើយចង់ទម្លាក់សម្តេច តាមការចង់បានរបស់ ជនក្បត់ជាតិ៣ជំនាន់។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សម្រាប់ខ្ញុំការសុំទោសត្រឹមប៉ុណ្ណេះរបស់ ជា ប៉ូច មិនគ្រប់គ្រាន់ទេព្រោះ ជា ប៉ូច ជាមនុស្សក្រឡិចក្រឡុចបំផុត។ ខ្ញុំនិងកូនខ្ញុំក៏ដូចជាមន្ត្រីផ្សេងទៀតបានថ្នាក់ថ្នម ជា ប៉ូច រយៈពេលជាង៤ឆ្នាំ តែទីបំផុត ខ្ញុំបានក្លាយជាគោលដៅនៃការកំចាត់ចោល (ទម្លាក់) របស់ ជា ប៉ូច តាមការចង់បានរបស់អាក្បត់ជាតិ ៣ជំនាន់ទៅវិញ»

សម្តេចបានបន្តទៀតថា៖ «គិតខ្លួនឯងទៅប៉ូច ព្រោះខ្ញុំមិនអាចទុកមនុស្សដូចប៉ូច ឲ្យបំផ្លាញខ្ញុំតាមបញ្ជាអាក្បត់ជាតិ៣ជំនាន់ បាននោះឡើយ។ ត្រូវចងចាំថាមនុស្សណាក៏ដោយឲ្យតែមានទំនាក់ទំនងជាមួយអាក្បត់ជាតិ៣ជំនាន់ មិនអាចទទួលបានការយោគយល់ពីហ៊ុន សែន នោះឡើយ ព្រោះអាមួយនេះវាអាក្រក់ពេកជ្រុលនិយមពេក។ មនុស្សណាក៏ដោយឲ្យតែប្រកាសផ្តាច់ខ្លួនចេញពីអាក្បត់ជាតិនេះ នឹងទទួលបាននូវការលើកលែង ឬយោគយល់»។

សូមបញ្ជាក់ថា ការបញ្ជាក់ជំហររបស់ សម្តេចតេជោ ហ៊ុន សែន​ បានធ្វើឡើងបន្ទាប់ពី លោក ជា ប៉ូច បានចេញលិខិតសុំទោសចំពោះសម្តេច។ លោកបានលើកឡើងថា៖ កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ ខ្ញុំបាទបានបើកកិច្ចប្រជុំពង្រឹងសកម្មជននៅក្នុងទីស្នាក់ការគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ ហើយបាននិយាយថា "គោលដៅខ្ញុំទម្លាក់ ហ៊ុន សែន ឲ្យបាន”។ ដោយសារ ការនិយាយរបស់ខ្ញុំនៅពេលនោះខ្វះការពិចារណា និយាយមិនបានគិតវែងឆ្ងាយ ធ្វើឲ្យការប៉ះពាល់យ៉ាងធ្ងន់ចំពោះ សម្តេចតេជោ ជាវីរជនដែលបាននាំសន្តិភាព និងការអភិវឌ្ឍន៍ដល់ប្រទេសជាតិនិងប្រជាជនកម្ពុជា»។

តាមរយៈលិខិតសុំទោស លោក ជា ប៉ូច បានបន្តថា៖ «ម្យ៉ាងវិញទៀត ដោយសារខ្ញុំបាទធ្លាប់បានដឹងថា ក្នុងពេលកន្លងទៅ សម្ដេចតេជោតែង មានព្រហ្មវិហារធម៌ សន្តោស ប្រណីដល់បុគ្គលណាដែលបានប្រព្រឹត្តិខុសឆ្គងចំពោះសម្តេច ហើយសម្ដេចមិនយកទោសកំហុសអ្វីឡើយ ឲ្យ តែបុគ្គលនោះបានដឹងពីកំហុសរបស់ខ្លួននិងចេះកែរកំហុសឆ្គងនោះ។ ថ្ងៃនេះខ្ញុំបាទ សូម សុំទោសជាសាធារណៈនូវកំហុសឆ្គងរបស់ខ្ញុំបាទដែលបានប្រព្រឹត្តិមិនគប្បីចំពោះសម្តេច តេជោនាពេលកន្លងទៅ»៕