(ភ្នំពេញ)៖ កិច្ចប្រជុំក្រុមការងារនាយទាហានកងទ័ពអាកាសទ្វេភាគីកម្ពុជា-ថៃ បានបើកកិច្ចប្រជុំប្រចាំឆ្នាំឡើងវិញ បន្ទាប់ពីវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ១៩ បានធូរ​ស្បើយ​ពីការឆ្លងរាលដាលក្នុងសហគមន៍។

កិច្ចប្រជុំក្រុមការងារនាយទាហានកងទ័ពជើងអាកាសទ្វេភាគីកម្ពុជា-ថៃ បានចាប់​ផ្តើម​​កាលពីឆ្នាំ២០១៤ ហើយកិច្ចប្រជុំនេះបានផ្លាស់ប្តូរទីកន្លែងប្រជុំស្របតាមភាគី​ធ្វើ​​ជា​​ម្ចាស់ផ្ទះប្តូរវេនម្តងម្នាក់។

កិច្ចប្រជុំក្រុមការងារនាយទាហានកងទ័ពអាកាសទ្វេភាគី ជាគំនិតផ្តួចផ្តើមនៃកងទ័ពអាកាសកម្ពុជា និងកងទ័ពអាកាសភូមិន្ទថៃ ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ការ​ផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ការផ្តល់ព័ត៌មានពីសភាពការណ៍ផ្សេងៗ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ច​នាយទាហានរវាង​កង​ទ័ពអាកាសទាំងពីរ...។ល ។

បើទោះស្ថិតក្នុងដំណាក់កាលប្រឈមជំងឺកូវីដ១៩ កងទ័ពអាកាសទាំងពីរនៅតែ​បន្ត​ការងាររបស់ខ្លួនតាមរយៈប្រព័ន្ធ ZOOM ដោយគ្មានការអាក់ខានឡើយ។ កិច្ចប្រជុំ​នេះ បាននាំមកនូវផលប្រយោជន៍ចម្បងក្នុងការបណ្តុះបណ្តាល​ជំនាញដល់នាយ​ទា​ហានកងទ័ពអាកាសទាំងពីរ។ មានន័យថា​ ជំនួបកិច្ចប្រជុំបាននាំមកផ្លែផ្កា​នៃកិច្ច​ស​ហ​ប្រតិបត្តិការរួមរវាងកងទ័ពអាកាសទាំងពីរក្នុងសហគមន៍​អាស៊ាន។

កិច្ចប្រជុំក្រុមការងារនាយទាហានកងទ័ពអាកាសលើកទី៩ បានចាប់ដំណើរការ​កាល​ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។ ក្នុងដំណើរ​បំពេញ​ទស្ស​ន​កិច្ចរបស់នាយទាហានកងទ័ពអាកាសភូមិន្ទថៃ នៅកម្ពុជា ក្រុមនាយទាហាន​បាន​អញ្ជើញបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ-ឈ្នះ ព្រះបរមរាជវាំង...។ល។

កិច្ចប្រជុំក្រុមការងារនាយទាហានកងទ័ពអាកាសទ្វេភាគីកម្ពុជា-ថៃ បានប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោកឧត្តមសេនីយ៍ឯក យិន សុខា មេបញ្ជាការរងកង​ទ័ពជើង​អាកាស និងវត្តមានលោកឧត្តមសេនីយ៍ត្រី គុជ ស៊ីនិត លោក​ឧត្តម​សេនីយ៍ត្រី យ៉ែម បុណ្យរ៉េត លោកឧត្តមសេនីយ៍ត្រី មាស វុត្ថា និងនាយទាហានជំនួយ​ការជា​ច្រើនរូបទៀត។

ដោយឡែកភាគីកងទ័ពអាកាសភូមិន្ទថៃ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ឯក ពីប៊ុន វរ៉ាវ៉ាន់ព្រីឆា នាយសេនាធិការរងនៃកងទ័ពអាកាសភូមិន្ទថៃ រួមនឹងនាយទាហាន​ជំ​នាញជាច្រើនរូប។

ជាលទ្ធផលនៃកិច្ចប្រជុំលើកទី៩ ប្រចាំឆ្នាំ២០២៣ ភាគីកងទ័ពអាកាសទាំងពីរ​បាន​ឯកភាពគ្នាផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សទៅវិញទៅមក និងអញ្ជើញ​ភាគី​កងទ័ពជើអាកាសក្នុងនាមជាអ្នកសង្កេតការណ៍សមយុទ្ធ​សង្គ្រោះ និងមនុស្ស​ធម៌​ប្រចាំ​ឆ្នាំ២០២៤៕