(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះឧក្រិដ្ឋជនអ៉ីនធឺណេត ដែលបោកបញ្ឆោតលួចយកគណនី Telegram របស់អ្នកប្រើប្រាស់ ដោយមធ្យោបាយផ្ញើសារ link មួយឲ្យម្ចាស់គណនីចុចតាម។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលមានប្រើប្រាស់បណ្ដាញសង្គម Telegram ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ហើយកុំចុចនូវ link ដែលជាការផ្ញើសាររបស់ជនអនាមិកឲ្យសោះ ព្រោះក្នុងករណីម្ចាស់គណនីចុចតាម នោះឧក្រិដ្ឋជនអ៉ីនធឺណេតនឹងមានឱកាសចូលគ្រប់គ្រងទូរស័ព្ទរបស់យើង ហើយលួចយកគណនី Telegram តែម្ដង។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋក្នុងករណីឃើញមានគេផ្ញើសារចូលទូរស័ព្ទ ដោយភ្ជាប់ជាមួយ link ដើម្បីឲ្យយើងចុចនោះ សូមប្រុងប្រយ័ត្នដោយឧក្រិដ្ឋជនបោកបញ្ឆោតយើង ដើម្បីបានចូលទៅគ្រប់គ្រងទូរស័ព្ទរបស់យើង។ ក្នុងករណីឃើញសារ (ដូចរូបភាពភ្ជាប់ជូន) សូមកុំចុចឲ្យសោះ ហើយត្រូវលុបចោលតែម្ដង»។

គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ឧក្រិដ្ឋជនអ៉ីនធឺណេត ឬ Hacker បានប្រើប្រាស់នូវមធ្យោបាយបោកបញ្ឆោតផ្សេង ដើម្បីលួចយកគណនីបណ្ដាញសង្គមរបស់ប្រជាពលរដ្ឋ ហើយយកទៅប្រើប្រាស់ក្នុងសកម្មភាពទុច្ចរិត៕