(ភ្នំពេញ)៖ មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា បានប្រកាសជូនដំណឹងដល់ជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស និងសូមអញ្ជើញមកទទួលអំណោយឧបត្ថម្ភពីមូលនិធិ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ នាសណ្ឋាគារ សាន់ & មូន រីវើសាយ ជាប់ស្ពានអាកាសក្បាលថ្នល់។

នេះបើតាមសេចក្ដីប្រកាសរបស់អ្នកឧកញ៉ា បណ្ឌិត ជា រតនា លើបណ្ដាញសង្គម ដែលបណ្ដាញព័ត៌មាន Fresh Mews ទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ។

អ្នកឧកញ៉ា បណ្ឌិត ជា រតនា បានថ្លែងថា «ខ្ញុំបាទ និងភរិយាសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាលោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយមូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា ដើម្បីជួយទ្រងទ្រង់ជនពិការកំបុតដៃទាំង២ មេត្តាជ្រាបថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ មូលនិធិនឹងរៀបចំកម្មវិធីជួបជុំជនពិការកំបុតដៃទាំង២ ទូទាំងប្រទេសលើកទី១២ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ជាប់ស្ពានអាកាសក្បាលថ្នល់ ម៉ោង៧:០០នាទីព្រឹក ជនពិការមកដល់ និងបើកអាវយឺត និងម៉ោង ៨:០០នាទីព្រឹក ភ្ញៀវកិត្តិយសអញ្ជើញដល់ និងចាប់ផ្តើមកម្មវិធីជាបន្តបន្ទាប់»។

អ្នកឧកញ៉ា បណ្ឌិត ជា រតនា បានបន្ដថា នេះចាត់ទុកជាសេចក្តីជូនដំណឹងដល់ជនពិការកំបុតដៃទាំង២ទាំងអស់ ដើម្បីអញ្ជើញចូលរួមតាមកាលបរិច្ឆេទ និងពេលវេលាខាងលើ។

លើសពីនោះ ប្រសិនបើ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រីអ្នកនាងកញ្ញា ដែលជាសប្បុរសជនមានបំណងចង់ចូលរួមឧបត្ថម្ភ សូមមេត្តាទាក់ទងតាមប្រព័ន្ធទូរស័ព្ទដូចខាងក្រោម៖
*012 699 999 / 095 959 697
*គណនីធនាគារ ABA 011266828 ឈ្មោះ Lak Chendarith

គួររម្លឹកថា មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា បានខិតខំកៀរគរថវិកា និងសម្ភារៈបំពាក់ដៃជូនជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស ពីសប្បុរសជនជាតិ និងអន្ដរជាតិ ដើម្បីជួយសម្រាលនូវទុក្ខលំបាកដល់ពួកគាត់។ កន្លងមកនេះ ក៏មូលនិធិមួយនេះ បានផ្ដល់ថវិកាជាច្រើនលើកច្រើនសារ ក្នុងមួយឆ្នាំៗដើម្បីផ្ដល់ដើមទុនដល់ជនពិការកំបុតដៃទាំងពីរ បង្កើតមុខរបរចិញ្ចឹមជីវិតទៅថ្ងៃអនាគត និងផ្ដល់ថវិកា ដើម្បីបន្ដការសិក្សាជាដើមផងដែរ៕