(ក្រចេះ)៖ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការងារអភិរក្យសត្វផ្សោតទន្លេមេគង្គ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ នៅស្នាក់ការអភិរក្សសត្វផ្សោត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ, លោក ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់នូវថវិកា និងឧបករណ៍សម្ភារសម្រាប់បម្រើឱ្យការងារចុះល្បាតនៅលើផ្ទៃទន្លេ ក្នុងតំបន់អភិរក្សសត្វផ្សោត ខេត្តក្រចេះ។

ឧបករណ៍ និងសម្ភារទាំងនោះរួមមាន៖ ទូកស្មាច់ចំនួន៦គ្រឿង, ម៉ាស៊ីនម៉ាកហ៉ីណូតា ២៥សេស ចំនួន៦គ្រឿង, កែវឆ្លុះ២៤គ្រឿង, អាវពោងចំនួន៤៤អាវ, អាគុយម៉ាក JK កម្លាំង៤០អាំពែ ចំនួន៦គ្រឿង, សារ៉ុងចំនួន៦០សារ៉ុង និងថវិកាចំនួន ១០លានរៀល។ បន្ថែមពីនេះលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានឧបត្ថម្ភថវិកាចំនួន ៥លាន ៥សែនរៀលផងដែរ។

ក្នុងពិធីនោះដែរ ក៏បានដុតបំផ្លាញ់ឧបករណ៍នេសាទខុសច្បាប់រួមមាន៖ អាំងវែកទ័រឆក់ត្រជាក់ចំនួន ១៨គ្រឿង,អាំងវែកទ័រឆក់ក្ដៅចំនួន១៩គ្រឿង, មងក្រឡាធំ២៥ត្បូង ប្រវែង ១,២៥០ម៉ែត្រ លបប្រើស១០០ ចំនួន១៥ខ្សែ ប្រវែង២៥០ម៉ែត្រ, ដងឆក់ភ្ជាប់ខ្សែភ្លើងចំនួន១៥គូរ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមន្រ្តីជំនាញ និងឆ្មាំទន្លេត្រូវការពារតំបន់អភិរក្យសត្វផ្សោត និងធ្វើយ៉ាងការពារសត្វផ្សោតកុំឱ្យងាប់បន្តទៀត ព្រោះសត្វផ្សោតជារតនសម្បិត្តដ៏ប្រសិទ្ធសម្រាប់មនុស្សជាតិ។

លោក ឌិត ឌីណា បានបញ្ជាក់ថា៖ «យើងត្រូវធ្វើយ៉ាងណាកុំបាត់បង់ផ្សោតទៅទៀត យើងត្រូវរកវិធីការពារឱ្យបាន ហើយលោកក៏បានកោតសរសើរចំពោះការប្រឹងប្រែងការពាររបស់បងប្អូននាពេលកន្លងមក។ ហើយសម្តេចតេជោ ហ៊ុន សែន ក៏លោកបានដឹងការខិតខំប្រឹងប្រែងរបស់បងប្អូន»

លោកបានបន្ថែមទៀតថា៖ «មងដែលជាឧបករណ៍គ្រោះថ្នាក់ដល់សត្វផ្សោត មិនមែងមងត្រូរៀល ត្រីលិញនោះទេ គឺមងក្រឡាធំ មងក្រឡាធំធ្វើឱ្យប៉ះពាល់ដល់សត្វផ្សោត និងត្រីមេពូជ ជាពិសេសឧបករណ៍ឆក់។ ហើយគោលដៅដែលចង់បាន គឺការពាផ្សោតយើង ផ្សោតជារតនសម្បត្តិខ្លាំងណាស់ ហើយយើងត្រូវតែពង្រឹងការពារបន្ថែម ត្រូវកំណត់អត្តសញ្ញាណឱ្យដឹងច្បាស់ ស៊ើបអង្កេតរកឱ្យឃើញកសាងសំណុំរឿងទៅតុលាការ ហើយមិនចាំបាច់ដេញនាំតែគ្រោះថ្នាក់ខ្លួនទេ កំណត់មុខសញ្ញាឱ្យច្បាប់ទៅចាប់ដល់ផ្ទះ ក្រុមអ្នកឆក់ទាំងនោះដេកផ្ទះមិនសុខទេ»