(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអង្វរករ ដល់ថ្នាក់ដឹកនាំគណៈសង្ឃនាយក បញ្ចប់វិវាទ និងឈប់វាយប្រហារគ្នាលើបណ្តាញសង្គម Facebook។

ការអង្វរកររបស់សម្តេចតេជោ បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ ពេលអញ្ជើញសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះ។

«សូមបញ្ចប់ទៅ ការវាយប្រហារគ្នាតាម Facebook ។ សុទ្ធតែសម្តេចសង្ឃទៅហើយ អាចនិយាយគ្នាបានទេតើ។ សូមកុំឲ្យកូណា ឈឺក្បាលអី»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យមានការសហការគ្នាដ៏ល្អនៅក្នុងប្រព័ន្ធដឹកនាំគណៈសង្ឃនាយក ត្បិតស្ថាប័នសាសនា គឺជាស្ថាប័នដ៏សំខាន់ ក្នុងការនាំសង្គមជាតិទៅរកសន្តិភាព និងប្រកាន់ភាពអហិង្សា។

សូមជម្រាបថា ព្រះមហាក្សត្រកម្ពុជា ថ្មីៗនេះ បានចេញព្រះរាជក្រឹត្យតែងតាំងគោរមងារព្រះរាជាគណៈ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា ០៣អង្គ រួមមាន៖

១៖ ព្រះពុទ្ធវង្ស ហ៊ូ ឈីវនាថ ឱ្យឡើងទីជា ព្រះមហាវិមលធម្ម ព្រះរាជាគណៈថ្នាក់ទោ
២៖ ព្រះសិរីវិសុទ្ធិ សុខ សុភាព ឱ្យឡើងទី ព្រះពុទ្ធវង្ស ព្រះរាជាគណៈថ្នាក់ត្រី
៣៖ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណ ឱ្យឡើងទីជា ព្រះសិរីវិសុទ្ធិ ព្រះរាជាគណៈថ្នាក់ចត្វា។

ក្រោយការតែងតាំង សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ច័ន្ទថុល្ល បានបង្ហោះសារបំផុសចលនាថា ជាការតែងតាំងមិនត្រឹមត្រូវ។

ក្រោយមក លេខាធិការដ្ឋាន នៃគណៈសង្ឃនាយក នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍លើ Facebook ថា សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ច័ន្ទថុល្ល កំពុងបង្កបញ្ហា៕