(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ ត្រូវគិតគូររឿងសេវាទូរស័ព្ទ និងអ៉ឺនធើណេត ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ព្រោះបច្ចុប្បន្ននេះប្រជាពលរដ្ឋ ពួកគាត់រអ៊ូរទាំខ្លាំងណាស់ ចំពោះសេវាទូរស័ព្ទ និងសេវាអ៉ីនធើណេតនេះ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធទីតាំងថ្មី​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិត នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «អ្វីដែលខ្ញុំចង់និយាយទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាម្ចាស់បុរីនានា ដែលកន្លងទៅតែងចុះហត្ថលេខាទៅឲ្យក្រុមហ៊ុននេះ ក្រុមហ៊ុននោះ [ក្រុមហ៊ុនអ៉ីនធើណិត] អ្នកឯកចុះហត្ថលេខាបំពានលើច្បាប់ ក្រោយមកគឺគ្រប់បុរីអនុញ្ញាតឲ្យក្រុមហ៊ុនណាចូលក៏បាន ប៉ុន្តែគេដាក់ចេញឧបសគ្គរារាំង [...] អ្នករកស៉ី មន្ត្រីរាជការដែលយើងធ្វើការជាមួយរស់នៅក្នុងបុរី ក្នុងពេលបុរីអត់មានសេវាអ៉ីនធើណិត»

សម្តេចតេជោ ហ៊ុន សែន បានជំរុញក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិនិត្យមើលក្រុមហ៊ុនមួយឈ្មោះ Home Internet ដោយសារសេវា Internet ក្រុមហ៊ុននេះមិនល្អ ហើយពិបាកទាក់ទងបុគ្គលិកក្រុមហ៊ុនទៀតនៅពេលមានបញ្ហា។

សម្តេចលើកឡើងថា សម្តេចធ្លាប់បានទាក់ទងជាមួយមន្ត្រីរាជរដ្ឋាភិបាលប្រមាណជា ៣នាក់ ដែលប្រើ Home Internet នេះ ហើយជួបបញ្ហា internet យឺត នៅពេលហៅបុគ្គលិកក្រុមហ៊ុនមកពិនិត្យ និងជួសជុល គឺពិបាកខ្លាំងណាស់។

សម្តេចេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់បុរី បើកឱកាសដល់គ្រប់ក្រុមហ៊ុនទាំងអស់ ដើម្បីឲ្យមានការប្រកួតប្រជែងមួយដ៏ត្រឹមត្រូវ ងាយស្រួលដល់អ្នករស់ក្នុងបុរី ដោយសារសម័យនេះ ជាសម័យឌីជីថល ម្នាក់ៗត្រូវការប្រើប្រាស់ internet ជាចាំបាច់ ហើយច្បាប់ ស្តីពីទូរគមនាគមន៍ អត់មានអនុញ្ញាតឲ្យមានការផ្តាច់មុខនោះទេ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្រាប់សម្តេចអត់មាន internet ស្មើនឹងអត់បាយដូច្នេះដែរ​ ដូច្នេះសម្តេចជំរុញឲ្យមានសេវា internet ឲ្យកាន់តែប្រសើរនៅកម្ពុជា។

សូមជម្រាបថា ដើម្បីដោះស្រាយបញ្ហា Internet តាមបុរីនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់តាំងក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវា នៅតាមបុរីក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដល់ប្រតិបត្តិករណាមួយ ក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី ក្នុងការជំរុញគុណភាពសេវា។ បន្ថែមលើនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទិញឧបករណ៍វាស់ស្ទង់សេវាដែលបំពាក់លើរថយន្ត (Driver Test)​ សម្រាប់ធ្វើការវាស់ស្ទង់គុណភាពសេវា ដើម្បីជំរុញឲ្យប្រតិបត្តិករកែលំអរសេវា ឬវិនិយោគបន្ថែម។

ក្រសួងបានជ្រើសរើសយកការពង្រឹងគុណភាពសេវានៅបុរីប៉េងហួតបឹងស្នោ ដើម្បីទៅអនុវត្តនៅតាមបុរីផ្សេងទៀត ព្រមទាំងពង្រឹងសេវានៅតាមខណ្ឌទាំង១៤​ ក្នុងរាជធានីភ្នំពេញ​ បន្ថែមទៀតដំណាលគ្នា​ ដោយចាប់ផ្ដើមពីខណ្ឌដូនពេញមុនគេ៕