(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកអំពីគុណតម្លៃនៃសន្ដិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ហើយអាចបង្កលក្ខណៈឲ្យដំណើរការអភិវឌ្ឍប្រទេស ប្រារព្ធពិធីផ្សេង និងប្រជាពលរដ្ឋអាចធ្វើអ្វីៗទៅបានដោយគ្មានការភ័យខ្លាចទាំងអស់ ខុសពីប្រទេសដែលកំពុងមានសង្គ្រាម។

ក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រម​ទាំងចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ​នេះ, សម្ដេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសចេញពីភ្លើងសង្គ្រាម រហូតមានសន្ដិភាពដូចសព្វថ្ងៃនេះ បានអះអាងថា ក្នុងប្រទេសមួយដែលគ្មានសន្ដិភាព គឺរត់គេចតែពីគ្រាប់ផ្លោង ហើយមិនអាចធ្វើអ្វីបានទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បីការពារសន្ដិភាព ដែលកម្ពុជាកំពុងមាននៅពេលនេះ សម្ដេចហ៊ានធ្វើអ្វីគ្រប់យ៉ាងទាំងអស់ ពិសេសកំចាត់ចោលរាល់ក្រុមបុគ្គលមួយចំនួនតូច ដែលប៉ុនប៉ងបំផ្លាញសន្ដិភាព សម្រាប់ប្រជាជន១៧លាននាក់របស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្វីៗទាំងអស់ នៅក្រោមសន្ដិភាពទាំងអស់ បើអត់សន្ដិភាពទេចាំរត់គេចតែគ្រាប់ផ្លោងទៅបានហើយ អត់មានធ្វើអីបានទេ។ អញ្ចឹងបានជាកុំថា ហ៊ុន សែន កាច ខ្ញុំកាចច្បាស់ហើយ ប៉ុន្ដែខ្ញុំមិនមែនសម្លាប់មនុស្សទេ អ្វីដែលខ្ញុំត្រូវធ្វើ គឺការពារសន្ដិភាព ព្រោះអ្នកឯង៤-១០នាក់ មកបំផ្លាញសន្ដិភាព សម្រាប់មនុស្ស១៧លាននាក់ ធ្វើមិចយើងហៅថា គ្រប់គ្របប្រទេស។ សន្ដិភាពមានតម្លៃ ហើយពិបាករកណាស់ កុំចាំបាត់បង់សន្ដិភាពហើយ បានស្រែករកសន្ដិភាព ហើយពេលដែលបាត់បង់សន្ដិភាព ទើបដឹងថា សន្ដិភាពមានតម្លៃប៉ុណ្ណា អញ្ចឹងមានសន្ដិភាពហើយ ត្រូវនាំគ្នាថែទាំទៅ»

បើតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី, ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ របស់កម្ពុជា ដែលទើបត្រូវបានបិទបញ្ចប់ទៅនាពេលថ្មីៗនេះ ក៏ធ្វើឡើងក្រោមប្រធានបទ «កីឡារស់ក្នុងសន្ដិភាព» ដូច្នេះហើយសន្ដិភាព អាចបង្កលក្ខណៈគ្រប់យ៉ាងដល់យើងក្នុងការប្រារព្ធពិធីផ្សេងៗ ដោយគ្មានការភ័យខ្លាច ដោយគ្មានការព្រួយបារម្ភឡើង ខុសពីអតីតកាល។

សម្ដេចតេជោ បានរំលឹកនូវរឿងរ៉ាវខ្លះៗកាលពីអតីតកាល ក្នុងសម័យសង្គ្រាម សូម្បីតែអ្នកសម្ដែងសិល្បៈក៏ត្រូវបំពាក់កាំភ្លើងផងដែរ ហើយមានពេលខ្លះ កំពុងតែសម្ដែងជូនប្រជាពលរដ្ឋទស្សនា ត្រូវរត់ចូលត្រង់សេភ្លាមៗទៅវិញ ក៏ដោយសារមានការប៉ះទង្កិចគ្នាដោយអាវុធជាដើម ខណៈអ្នកទស្សនាមើលការសម្ដែងសិល្បទាំងភ្នែកនៅកញ្ចឹងក ដូច្នេះអ្នកជំនាន់មុនពិតជាយល់ច្បាស់អំពីរឿងរ៉ាវនេះ៕