(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានរំលឹកជាថ្មីដល់ម្ចាស់ក្រុមហ៊ុនផ្តល់សេវា Internet និងម្ចាស់បុរីទាំងអស់ គោរពទៅតាមវិធានការដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញកន្លងមកត្រូវបញ្ឈប់ការផ្តល់សិទ្ធិផ្តាច់មុខលើសេវា internet និងផ្តល់លក្ខណៈងាយស្រួល ដល់ក្រសួង និងក្រុមហ៊ុន internet ផ្សេងៗទៀតចូលផ្គត់ផ្គង់សេវាកម្ម។

ជាមួយគ្នានេះ សម្តេចជំរុញឲ្យម្ចាស់ក្រុមហ៊ុនទូរស័ព្ទចល័ត ធ្វើការដំឡើងអង់តែនឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់សេវាទូរស័ព្ទ គ្រប់គ្រាន់ដល់បងប្អូនប្រជាពលរដ្ឋ។

ការរំលឹកជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មី​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិត នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងពេលដែលបុរីមុននេះផ្តាច់មុខដល់ស្រែកទៅ ប្រាប់ថាយើងអត់ទទួលស្គាល់ការផ្តាច់មុខរបស់អ្នកឯងទេ ព្រោះច្បាប់ស្តីពីទូរគមនាគមន៍ អត់អនុញ្ញាតឲ្យផ្តាច់មុខទេ ប៉ុន្តែយកឧបសគ្គបច្ចេកទេសធ្វើជាមូលដ្ឋាន ព្រោះម្ចាស់បុរី ចុះហត្ថលេខាជាមួយក្រុមហ៊ុន internet មួយទើបបណ្តោយឲ្យក្រុមហ៊ុននោះឆាឆៅ។ ខ្ញុំសុំរំលឹកម្ចាស់ក្រុមហ៊ុន internet ទាំងតាមបុរីនានា សុំយកវិធានការដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញកន្លងទៅ ហើយសុំឲ្យបណ្តាញ internet នានា ដំឡើងអង់តែន ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនបុរីដែលមានសេវាទូរស័ព្ទ និង internet ល្អច្បាស់ណាស់ ម្ចាស់បុរីនឹងងាយលក់ផ្ទះរបស់ខ្លួនកាន់តែដាច់ ដូច្នេះត្រូវបង្កលក្ខណៈងាយស្រួលដល់គ្រប់ក្រុមហ៊ុន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់បងប្អូនប្រជាពលរដ្ឋកុំជឿថា ការដាក់ទូរស័ព្ទក្បែរខ្លួន ឬសេវា Internet មានវិទ្យុសកម្ម ប៉ះពាល់សុខភាព គឺមិនពិតនោះទេ។

សូមជម្រាបថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាមានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតចល័តជាង ១៧លានស៊ីម និងសេវាអ៊ីនធឺណិតអចល័តជាង ៣១ម៉ឺន, ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតចំនួន ៣៨ ប្រតិបត្តិករ ហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកលើគោក និងខ្សែកាបអុបទិក ក្រោមបាតសមុទ្រចំនួន ៥ និងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្នុងដែនសមុទ្រកម្ពុជាមានប្រវែង ៦៤០គីឡូម៉ែត្រ៕