(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សម្តេចមិនជឿថា មានការឈ្លានពានវប្បធម៌ទេ តែអ្វីដែលសម្តេចបារម្ភ និងត្រូវប្រុងប្រយ័ត្ននោះ គឺការស្ម័គ្រចិត្តទទួលយកវប្បធម៌របស់ប្រជាពលរដ្ឋ ដែលនាំឱ្យបាត់បង់វប្បធម៌ជាតិ។

សម្តេចតេជោ ហ៊ុន សែន បានលើកករណីជាក់ស្តែងនៅពេលកម្ពុជា ស្ថិតក្រោមអាណានិគមបារាំង រយៈពេល៩០ឆ្នាំ បារាំងមិនអាចប្តូរឲ្យប្រជាជនខ្មែរ ទទួលយកវប្បធម៌បារាំងនោះទេ ទាំងភាសា អក្សរសាស្ត្រ កម្ពុជានៅតែរក្សាបានដដែល មិនមានការផ្លាស់ប្តូរនោះឡើយ។

ការលើកឡើងរបស់សម្តេចតេជោ យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មី ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិត នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំស្នើឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសបញ្ហាបដិមា រូបចម្លាក់ផ្សេងៗ បើសិនជាធ្វើមិនត្រូវទេ ថ្ងៃក្រោយមិនទៅជាអ្វី។ យើងទទួលមរកតពីមុនមក យើងស្គាល់ទម្រង់ ប៉ុន្តែឥឡូវនេះនាំគ្នាស្អីក៏ខ្មែរៗ ប៉ុន្តែវាមិនមែនជាទម្រង់ខ្មែរ រួចហើយថ្ងៃក្រោយវាក្លាយទៅជាខ្មែរដែរ យើងថាខ្មែរចុះ ប៉ុន្តែប្រសិទ្ធនាមឲ្យច្បាស់ថាខ្មែរសម័យណា ព្រោះមានសម័យរបស់វា [...] ត្រូវប្រយ័ត្នឲ្យមែនទែន ភាពក្លាយ។ ខ្ញុំអត់ជឿទេ ការឈ្លានពានខាងវប្បធម៌ ខ្ញុំនៅតែអះអាងថាខ្ញុំមិនជឿថាមានការឈ្លានពានវប្បធម៌ ព្រោះមិនអាចនឹងឈ្លានពានកើតទេ តែអ្វីដែលភ័យខ្លាចបំផុត គឺការទទួលយកដោយការស្ម័គ្រចិត្ត នេះទើបជារឿងដែលត្រូវប្រុងប្រយ័ត្ន»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នយោបាយឈ្នះ-ឈ្នះ មិនត្រឹមបញ្ចប់សង្គ្រាម និងការបង្រួបបង្រួមជាតិប៉ុណ្ណោះទេ តែក៏បានជួយឱ្យរបាំសួយរក្សាវត្តមានបានមកដល់ពេលបច្ចុប្បន្នផងដែរ។ គ្រប់អ្វីៗទាំងអស់ គឺសុទ្ធតែស្ថិតនៅក្រោមសន្តិភាព សន្តិភាពមានសារៈសំខាន់ណាស់ មានសន្តិភាពហើយ ប្រឹងថែរក្សាទៅ កុំចាំបាច់បាត់សន្តិភាព ទើបនាំគ្នាសោកស្តាយ៕