(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ បានដឹកនាំគណៈប្រតិភូកងរាជអាវុធហត្ថខេត្តស្វាយរៀង គោរពវិញ្ញាណក្ខន្ធសពលោក តូច ឆោម ជាសមាជិកនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានពាំនាំការសោកស្តាយប្រកបដោយសមានទុក្ខក្រៀមក្រំជាទីបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ព្រមទាំងបាននាំយកថវិកាមូលនិធិតេជោ១២៥ ចំនួន២០លានរៀល និងថវិកាកងរាជអាវុធហត្ថខេត្តចំនួន៤លានរៀល និងសម្ភាររួមមាន៖ ១.អង្ករ ២០០គីឡូ ២.មី ០៧កេសតូច ៣.ទឹកសុទ្ធ ៣០កេស ៤.ទឹកត្រី ០៥យួ ៥.ទឹកស៊ីអ៉ីវ ០៥យួ ៦.ប៊ីចេង ១គីឡូក្រាម ៧.ស្ករស ១គីឡូក្រាម ៨.ត្រីខកំប៉ុងចំនួន ១១០កំប៉ុង ចូលបុណ្យ និងចូលរួមរំលែកទុក្ខជាមួយលោកស្រី រស់ នាង ត្រូវជាភរិយា និងក្រុមគ្រួសារនៃសព។

មូលនិធិតេជោ១២៥ ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយស «យ.ជ.ប.ទ» ដើម្បីជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក និងមរណភាព៕