(បន្ទាយមានជ័យ)៖​ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តបន្ទាយមានជ័យ និងជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាបានជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ដោយមានអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធ និងក្រុមការងារគ្រប់ថ្នាក់។

ក្នុងនាមសម្តេចតេជោ នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំជាតិ និងថ្លែងការអរគុណ កោតសសើរដល់មិត្តអតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ ហើយការរីកចម្រើនរបស់ប្រទេសជាតិពិតជាមានចំណែករបស់បងប្អូនមិត្តអតីតយុទ្ធជនយើង។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្ថែមថា ផ្លែផ្កានៃនយោបាយឈ្នះឈ្នះដឹកនាំដោយសម្តេចតេជោ នាំមកនូវសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័័យ កិត្យានុភាពកម្ពុជាស្មើមុខមាត់ល្បីរន្ទឺពេញពិភពលោក ការរៀបចំព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៣២ (SEAGAMES 32nd) ទប់បាននូវលំនឹងសេដ្ឋកិច្ចក្នុងដំណាក់កាលលំបាកនៃជំងឺកូវីដ-១៩ ហើយថ្មីៗនេះសម្តេចបានអនុម័តគម្រោងព្រែកជីកហ្វូណនតេជោតម្លៃ១ ៧០០លានដុល្លារជាគម្រោងដឹកជញ្ជូនទំនិញនិងអ្នកទេសចរណ៍តាមផ្លូវទឹករបស់កម្ពុជាតភ្ជាប់ប្រព័ន្ធទន្លេ និងផ្លូវសមុទ្រលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈានទៅមួយកម្រិតបន្ថែមទៀត ជាដំណោះស្រាយលើបញ្ហាប្រឈម និងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានណែនាំ និងអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដី បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តលើកកម្ពស់ការប្តេជ្ញាចិត្ត ឲ្យបានព្រមគ្នា៖ រួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាព​នយោបាយសាមគ្គីជាតិ ឯកភាពជាតិ បន្តគិតគូរពីសុខទុក្ខអតីតយុទ្ធជននៅតាមមូលដ្ឋាន បន្តបញ្ចូលជាសមាជិកអ្នកចូលនិវត្តន៍ថ្មីៗ លើកកម្ពស់ការឧបត្ថម្ភ គាំទ្រគ្រប់មធ្យោបាយដល់មិត្តអតីតយុទ្ធជនមានទុក្ខលំបាកបន្តផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ឲ្យបានកាន់ចំគោលដៅឆាប់រហ័ស និងតម្លាភាព បន្តអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព និង​ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តជម្រុញប្រជាពលរដ្ឋទៅចាក់វ៉ាក់់សាំងដូសជម្រុញដើម្បីការពារជំងឺកូវីដ-១៩។

សម្តេចតេជោបានផ្តល់គ្រឿងឥស្សរិយយស មេដាយជូនអតីតយុទ្ធជនទូទាំងខេត្តបន្ទាយមានជ័យចំនួន៥៤៩៥នាក់ ដែលក្នុងនោះអតីតយុទ្ធជននៅក្រុងសិរីសោភ័ណចំនួន៨៨៨នាក់ ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ថ្នាក់អស្សរិទ្ធ ចំនួន៩គ្រឿង មេដាយការពារជាតិថ្នាក់មាស១៦០គ្រឿង ថ្នាក់ប្រាក់៧១៩គ្រឿង និងឧបត្ថម្ភថវិកាម្នាក់ៗ៥មុឺនរៀល សរុបថវិការួមចំនួន ៤៤.៤០០០.០០០រៀល៕