(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគិតគូរយ៉ាងខ្លាំងអំពីការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូជាង៩០០នាក់ ក្នុងក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ហង្ស ច័ន្ទវរ: សកលវិទ្យាធិការរងសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផងដែរ។

លោក ហង្ស ច័ន្ទវរ: បានថ្លែងថា ប្រទេសជាតិមួយអាចរីកចម្រើនទៅបាន វាអាស្រ័យលើធនធានមនុស្ស ពោរពេញទៅដោយសមត្ថភាព វិជ្ជាជីវៈ និងសុជីវធម៌ សីលធម៌ គុណធម៌ ដែលត្រូវឆ្លងកាត់ការអប់រំ ដូច្នេះគ្រូបង្រៀន បានបំពេញកាតព្វកិច្ចដ៏ថ្លៃថ្លា ដល់ជាតិមាតុភូមិរបស់យើង ពោលគឺយើងបានដើរមកដល់ពេលនេះ គឺមិនអាចមើលរំលងពីការចូលរួមចំណែកពីសំណាក់លោកគ្រូ អ្នកគ្រូនោះទេ។

លោក អ៊ុន ចាន់ដា បានថ្លែងថា តួអង្គសំខាន់សំខាន់ៗ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស មានដូចជា រដ្ឋាភិបាល លោកគ្រូអ្នកគ្រូ និងការចូលរួមពីប្រជាពលរដ្ឋ ទើបធ្វើឲ្យលទ្ធផល នៃការបណ្ដុះបណ្ដាលធនធានមនុស្ស និងការអភិវឌ្ឍន៍ប្រទេសជាតិទទួលបានជោគជ័យ។

លោកអភិបាលខេត្តបន្តថា បច្ចុប្បន្នដោយសារប្រទេសជាតិមានការអភិវឌ្ឍ រដ្ឋាភិបាលមានចំណូលច្រើន តាមរយៈការប្រមូលពន្ធផ្សេងៗ ទើបមានលទ្ធភាពក្នុងការតំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀនរបស់យើង ទាបបំផុត ជាង ១លានរៀល និងខ្ពស់បំផុត ជាង២លានរៀលក្នុង១ខែ។ ដូច្នេះយើងត្រូវខិតខំប្រឹងប្រែងរួមគ្នាបន្តទៅទៀត ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបធ្វើឲ្យកម្មវិធីកំណែទម្រង់លើវិស័យអប់រំ របស់រដ្ឋាភិបាល ទទួលបានជោគជ័យ ពោលគឺ យើងទទួលបានផលប្រយោជន៍ទាំងអស់គ្នា តាមរយៈកំណែទម្រង់នេះ ដែលធ្វើឲ្យមានការលើកកម្ពស់គុណភាពនៃការអប់រំ និងការលើកកម្ពស់កម្រិតជីវភាពគ្រូបង្រៀន និងប្រជាពលរដ្ឋក្នុងសហគមន៍មានភាពប្រសើរឡើងផងដែរ៕