(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិយើង ព្រមទាំងការពារឱ្យខាងតែបាននូវសុខសន្តិភាព ដែលកំពុងតែមានសព្វថ្ងៃនេះ។

ការថ្លែងអំពាវនាវរបស់អភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសដែលលោកចូលរួមបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ២០,៧១១ម៉ែត្រ ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសដ៏សប្បាយរីករាយនេះលោក ប៉ែន កុសល្យ បានថ្លែងអរគុណសន្តិភាព និងសូមអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យមានសុខសន្តិភាព ហើយប្តេជ្ញារួមគ្នាការពារសុខសន្តិភាពនេះ ឱ្យបានជាដាច់ខាត ពិសេសប្តេជ្ញាចិត្តគាំទ្រ និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសដ៍ឆ្នើមបំផុត ដែលបាននាំមកជូនជាតិមាតុភូមិ នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនាពេលបច្ចុប្បន្ន។

លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងរំលឹកប្រជាពលរដ្ឋនូវស្រមោលអតីតកាលដែលកន្លងទៅ ដែលបានជួបការលំបាកជាខ្លាំងរបស់បងប្អូនយើងនៅតំបន់នេះ ដោយសារគ្មានផ្លូវ គ្មានស្ពាន ធ្វើឱ្យប្រឈមនូវការលំបាក គ្រប់យ៉ាង ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងបានស្ថាបនាជាជំហ៊ានៗ សម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋជាបន្តបន្តាប់ក្នុងគោលដៅតែមួយ គឺកាត់បន្ថយគម្លាតរវាងជនបទនិងទីប្រជុំជន គម្លាតផ្នែកសេដ្ឋកិច្ច សង្គម និងការអប់រំ។

លោក ប៉ែន កុសល្យ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ៖

*ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិយើង ព្រមទាំងការពារឱ្យខាងតែបាន សុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ។
*ត្រូវរួមគ្នាទទួលខុសត្រូវថែរក្សា ការពារផ្លូវនេះដើម្បីធានានិរន្តភាព នៃការប្រើប្រាស់បានយូរអង្វែងតទៅ ព្រោះវាជាសមិទ្ទិផលរួមរបស់យើងទាំងអស់គ្នា។
*រួមគ្នាអនុវត្តចលនា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានផុលផុស ដើម្បី ភូមិ ឃុំ សង្កាត់ យើងមានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងប្រកបដោយការរីកចម្រើន។
*ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដោយសាររដូវវស្សាចូលមកដល់ ធ្វើការបង្កបង្កើនផលឱ្យទាន់ពេលវេលា និងត្រៀមវិធានការសម្រាប់ការងារបង្កបង្កើនផល តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងក្រសួង ស្ថាប័នពាក់ព័ន្ធ។
*សូមចូលរួមទៅបោះឆ្នោត នាថ្ងៃទី២៣ខែកក្កដាខាងមុខឱ្យបានទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សណា ដែលបងប្អូនអាចផ្ញើក្តីសង្ឃឹមជឿជាក់ ដើម្បីសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍជាតិយើង៕