(ព្រះសីហនុ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោកស្រី ហៀក ហ៉ីមុល្លី អនុប្រធានគណៈកម្មាធិការសាខាខេត្ត, លោក គាំ សុខុម នាយកសាខា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ប្រគល់ជូនប្រជាពលរដ្ឋ ១គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះទាំងស្រុងនៅស្រុកព្រៃនប់។

អំណោយទាំងនេះត្រូវបាននាំទៅប្រគល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះលោកស្រី ហៀក ហ៉ីមុល្លី បានផ្ដាំផ្ញើសួរសុខទុក្ខអាណិតអាសូរក្រៃលែង ចូលរួមសោកស្ដាយចំពោះគ្រួសាររងគ្រោះ ហើយសុំឱ្យគ្រួសាររងគ្រោះបង្កើននូវការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយមានការផ្តែផ្តាំពីសំណាក់ លោកប្រធានគណៈកម្មាធិសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ លោកស្រីសូមអំពាវនាវដល់គ្រួសាររងគ្រោះសូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ៖ ៣ការពារ និង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា រួមទាំងការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះការប្រើប្រាស់ភ្លើងអុសចង្ក្រាន បណ្តាញតំណខ្សែរអគ្គិសនី និងឧបករណ៍ងាយឆាបឆេះ (កំប៉ុងហ្កាស, ធុង ចង្ក្រានហ្កាសជាដើម) ព្រោះវាអាចបង្ករគ្រោះថ្នាក់គ្រប់ពេលវេលាបើយើងមិនបានប្រើប្រាស់ និងទុកដាក់អោយបានត្រឹមត្រូវ។

គួរបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យឆេះផ្ទះប្រជាសពលរដ្ឋមួយគ្រួសារខាងលើកើតឡើងនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១២:២៥នាទីយប់ ស្ថិតនៅក្នុង ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយសម្ភារៈ និងផ្ទះទាំងមូលបានឆេះខូចខាតទាំងស្រុង តែមិនបណ្តាលឱ្យមានអ្នករងរបួសនោះឡើយ។

ក្នុងការចុះសួរសុខទុក្ខ និងចែកអំណោយនាពេលនេះ សាខាបានផ្តល់ជូននូវសម្ភារមួយចំនួនដល់គ្រួសាររងគ្រោះរួមមាន៖ អង្ករ៥០គីឡូក្រាម, ត្រីខ១យួរ, មី១កេស, ទឹកត្រី១យួរ, ទឹកសុទ្ធ១កេស, កន្ទេល១, តង់១, សម្ភារផ្ទះបាយ១ឈុត, និងឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន១លានរៀល៕