(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបន្តផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួល ផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែ ស្រុកថ្មគោលស្រុកឯកភ្នំ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ទីតាំងធ្វើនៅស្ថិតនៅបរិវេណវត្តទំពូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បានលើកឡើងថា ប្រជាពលរដ្ឋដែលអាស្រ័យផលធ្វើស្រែក្នុងតំបន់៣មានចំនួន៤ឃុំ គឺឃុំតាពូង ឃុំតាម៉ឺន ឃុំជ្រោយស្តៅ និងឃុំបឹងព្រីង ស្រុកថ្មគោល ហើយរដ្ឋបាលឃុំ រដ្ឋបាលស្រុកបានស្នើសុំរាជរដ្ឋាភិបាលកាត់ឆ្វៀល កែសម្រួលព្រំប្រទល់នៃតំបន់បឹងទន្លេសាប ព្រំប្រទល់តំបន់៣ មកជាព្រំតំបន់២ មានទំហំ១,១៧៥.៧៦ហិកតា ស្មើនឹងប្រជាពលរដ្ឋចំនួន១៤០គ្រួសារ កែសម្រួលព្រំតំបន់២មកព្រំតំបន់១ ទំហំ ៣,០៤៩.៧៥ ហិកតា ស្មើនឹង១,២៥៩ ក្បាលដី (បានចុះបញ្ជីរួចឆ្នាំ២០១១ និងឆ្នាំ២០១២)។

លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលសម្ដេចបានធ្វើការគិតគូរដល់ប្រជាពលរដ្ឋ ធ្វើការអាស្រ័យផលលើដីតំបន់២តំបន់៣ នេះជាយូរណាស់មកហើយ ដើម្បីសម្រួលព្រំដីតំបន់៣មកជាតំបន់២ និងតំបន់២មកជាតំបន់១ ដើម្បីបង្កលក្ខណៈដ៏ប្រសើរដល់ជូនប្រជាពលរដ្ឋ។

លោកបានបន្តថា ការកាត់ឆ្វៀលដីនេះ គឺជាការកាត់ទៅតាមអ្វីដែលប្រជាពលរដ្ឋបានធ្វើការអាស្រ័យផលយូរមកហើយនិងទៅតាមការចុះមកពិនិត្យវាស់វែងជាក់ស្ដែងតែម្ដង ក៏ដូចជាតាមរយៈការស្នើសុំរបស់ប្រជាពលរដ្ឋដែលអាស្រ័យផល និងរស់នៅជាយូរមកហើយផងដែរ។

លោកបានបន្តទៀតថា ចាប់ពីពេលនេះតទៅ សម្រាប់ប្រជាពលរដ្ឋ ឬក៏មានឈ្មួញណាដែលហ៊ានបំពានដីតំបន់៣ម្ដងទៀត នឹងត្រូវធ្វើការចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ដោយឡែកសម្រាប់មន្រ្ដីអនុវត្តច្បាប់ក៏ដូចគ្នាដែរ មិនត្រូវធ្វើការព្រលែងដៃឡើយ គឺត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹងជាទីបំផុត ព្រោះថាបើមិនធ្វើការរឹតបន្តឹងច្បាប់ និងតាមរកអ្នកដែលបំផ្លិចបំផ្លាញដីតំបន់៣នេះទៀត នោះមច្ឆជាតិនៅបឹងទន្លេសាបនឹងត្រូវបាត់បង់បន្ដិចម្ដងៗ បឹងទន្លេសាបនឹងកាន់តែរួមតូចទៅៗធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិជាធំ ដែលជាសម្បត្តិធម្មជាតិដ៏ល្អឥតខ្ចោះរបស់ប្រទេសជាតិ។

លោកបានណែនាំដល់អាជ្ញាធរស្រុក ត្រូវធ្វើការបិទប្រកាសផ្សព្វផ្សាយព្រំដី ធ្វើការចុះបញ្ជីដីជាប្រព័ន្ធ និងត្រូវអនុវត្តបន្តទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល បន្ទាប់ពីធ្វើការកែសម្រួលព្រំដីតំបន់៣មកជាតំបន់២ និងតំបន់១រួចរាល់ផងដែរ ។

លោកបានបន្ថែមទៀតថា សម្រាប់ដីដែលប្រជាពលរដ្ឋបានទទួលបានការកាត់ឆ្វៀលនេះ នឹងទទួលបានប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផល សម្រាប់ប្រជាពលរដ្ឋអាស្រ័យផលនៅដីតំបន់២ ហើយក្នុងនោះប្រជាពលរដ្ឋមិនអាចធ្វើការលក់ដូរទៅអ្នកណាបានទេ ឬជួលអ្វីឡើយ ប៉ុន្តែអាចបន្តមរតកបាននៅពេលដែលម្ចាស់ប័ណ្ណនេះទទួលមរណភាព៕