(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចក្រុមទី៧ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។

របាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នោះ ទី១៖ឈ្មោះ កាន់ សុវណ្ណារាជ អាយុ៤១ឆ្នាំ និងទី២៖ ឈ្មោះ វណ្ណ ឆៃ អាយុ៣០ឆ្នាំ។ ក្នុងនោះដកហូតបាន ម៉្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់, កញ្ចប់រូប Collegen ពណ៌ផ្កាឈូក ចំនួន៣កញ្ចប់, កាំភ្លើងចំនួន១ដើម គ្រាប់ចំនួន២, ទូរស័ព្ទចំនួន៣គ្រឿង និងម៉ូតូចំនួន១គ្រឿង។

ប្រតិបត្តិការនេះ កម្លាំងជំនាញ បានបន្តធ្វើការឆែកឆេរបន្ទប់ជួលជនសង្ស័យឈ្មោះ កាន់ សុវណ្ណារ៉ាជ បានរកឃើញគ្រឿងញៀនមួយចំនួនទៀត រួមមាន៖ ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន៩កញ្ចប់, គ្រឿងញៀនប្រភេទគ្រាប់សង្ស័យជាសារធាតុញៀនចំនួន៥គ្រាប់ និងជញ្ជីងថ្លឹងចំនួន១។

ក្រោយមកសមត្ថកិច្ចបន្តធ្វើការឆែកឆេរបន្ទប់ជួលជនសង្ស័យឈ្មោះ វណ្ណ ឆៃ បានរកឃើញគ្រឿងញៀនមួយចំនួនទៀត ដូចជា ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់, គ្រឿងញៀនប្រភេទគ្រាប់សង្ស័យជាសារធាតុញៀនចំនួន៦គ្រាប់, គ្រាប់អាវុធខ្លីចំនួន៧គ្រាប់ និងជញ្ជីងថ្លឹងចំនួន១។ បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងធ្វើការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីធ្វេីការសាកសួរតាមនីតិវិធី៕