(ភ្នំពេញ)៖ គណៈកម្មាធិការប្រតិបត្តិនៃអង្គការ CDI-IDC បានកោតសរសើរចំពោះជោគជ័យដ៏លេចធ្លោ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ តំណាងប្រជាជន៧០០ លាននាក់ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើជាម្ចាស់ផ្ទះហើយភាពជោគជ័យនេះអាចប្រព្រឹត្តទៅបាន លុះត្រានៅក្រោមម្លប់នៃសន្តិភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។

គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក សួស យ៉ារ៉ា អនុប្រធានគណៈទាក់ទងបរទេស និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានចូលរួមមហាសន្និបាត និងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-IDC) នៅទីក្រុងប្លែដ សាធារណរដ្ឋស្លូវេនី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៧-២០ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគណបក្សនយោបាយចំនួន៣០ មកពីតំបន់អឺរ៉ុប អាមេរិកឡាទីន អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។

មហាសន្និបាត CDI-IDC បានអនុម័តនូវសេចក្ដីសម្រេចចិត្តចំនួន១៤ និងអនុម័តសម្រេចបញ្ចូលសមាជិកគណបក្សនយោបាយចំនួន៣ មកពីសាធារណរដ្ឋដូមីនីកា សាធារណរដ្ឋកូឡុំប៊ី និងប្រទេសអ៉ីតាលី។

CDI-IDC បានគាំទ្រនូវសេចក្តីសម្រេចចិត្ត ស្នើឡើងដោយគណបក្សប្រជាជនកម្ពុជា ស្តីអំពី «ការលើកកម្ពស់គុណតម្លៃប្រជាធិបតេយ្យ និងកិច្ចសហប្រតិបត្តិការនៃច្រករបៀងវប្បធម៌នៅអាស៊ី និងតំបន់ផ្សេងៗ» ដែលបានបញ្ជាក់ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែង CDI-IDC ក្នុងការការពារនូវគុណតម្លៃប្រជាធិបតេយ្យនិយមកណ្ដាល លើកកម្ពស់សន្តិភាព សន្តិសុខ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម នៅជុំវិញពិភពលោក និងសារៈសំខាន់នៃការធានាបាននូវសន្តិភាព សេរីភាព និងប្រជាធិបតេយ្យនៅតំបន់អាស៊ី រួមទាំងនៅតំបន់អាស៊ាន និងមេគង្គ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងគណបក្សនយោបាយនានានៅតំបន់អាស៊ី។

នៅក្នុងឱកាសនៃមហាសន្និបាតនេះផងដែរ ក៏មានការរៀបចំសិក្ខាសាលាយុវជន CDI-IDC លើកទី២ ក្រោមប្រធានបទស្តីពី «បញ្ហាប្រឈមរួមសកលនៃប្រជាធិបតេយ្យនិយមកណ្តាល» ដែលមានការចូលរួមពីតំណាងយុវជន មកពីគណបក្សនយោបាយនានា នៃគ្រួសារ CDI-IDC៕