(ពោធិ៍សាត់)៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងព្រៃរបោះ មានសភាពហើមស្អុយរលួយ រួចរាយការណ៍ទៅសមត្ថកិច្ច និងគ្រូពេទ្យជំនាញ ដើម្បីចុះពិនិត្យ និងធ្វើកោសល្យវិច័យ, ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា ជាករណីឃាតដកម្ម។

ហេតុការណ៍នោះ បង្កឱ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង ០៦៖៣៥នាទី ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០២៣ ត្រង់ចំណុចអូរទីង ក្នុងភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រោយពីបានទទួលដំណឹងខាងលើ កម្លាំងជំនាញបានចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការពិនិត្យទីកន្លែងកើតហេតុ និងសាកសព ​ជាមួយគ្រូពេទ្យជំនាញ ឃើញទីកន្លែងកើតហេតុរួម ស្ថិតនៅខាងត្បូងភ្នំច្រកហា ចំងាយប្រហែល២០០០ម៉ែត្រ នឹងខាងលិចផ្លូវលំចូលក្បាលអូរទីង២០០ម៉ែត្រ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបន្តថា សាកសពជនរងគ្រោះ មានឈ្មោះ ផុន ស្នា អាយុ៣០ឆ្នាំ ភេទប្រុស កំពស់១,៦៣ម៉ែត្រ ជនជាតិខ្មែរ មុខរបរកសិករ និងមានប្រពន្ធឈ្មោះ យែម ស្រីល័ក្ខ ភេទស្រី អាយុ ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថា ស្ថានភាពសាកសព ពាក់ខោរជើងវែងពណ៍ប្រផេះ អត់ពាក់អាវ ដេកផ្កាប់មុខក្បាលបែរទៅទិសខាងត្បូង មានសភាពហើមប៉ោង រុយរោម ដង្កូវស៊ីសាច់ ធុំក្លិនស្អុយ។ ជើងស្តាំសណ្តូកត្រង់ ជើងឆ្វេងអង្កុញលើជើងស្តាំ ដៃស្តាំសណ្តូកត្រង់ ដៃឆ្វេងអង្កុញច្រត់ដី។ ផ្នែកក្បាល ភ្នែកច្រមុះដង្កូវស៊ីសាច់អស់ លើកញ្ចឹងក មានស្នាមដាច់រលាត់ស្បែកក្បាល៨សម ពាក់ណ្តាលរង្វង់ ជំរៅដល់ឆ្អឹង និងបានធ្វើការពិនិត្យតែផ្នែកខាងក្រៅរាង្គកាយ នៃសពប៉ុណ្ណោះ ព្រោះសពមានសភាពហើមស្អុយរលួយ។ នៅក្បែរសាកសព មានកន្រ្តកជ័រពណ៌ក្រហម ចំនួន០១, អាគុយ៤០អំពែ ម៉ាកJP ចំនួន០១, មួកពណ៌ផ្កាឈូក ចំនួន០១ និងអាវពណ៍ដៃវែង ពណ៌ត្រីអ៊ី ចំនួន០១។

យោងតាមការពិនិត្យសាកសព ជាមួយគ្រូពេទ្យជំនាញកោសល្យវិច័យខេត្តពោធិ៍សាត់ នឹងការបំភ្លឺជុំវិញរឿងហេតុ សមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់បណ្តាលមកពីប៉ះទង្គិចនឹងវត្ថុរឹង មានមុខមុតត្រង់លើកញ្ចឹងក ដល់ឆ្អឹង នឹងអាចជាករណីឃាតកម្ម។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំពោះករណីនេះ សមត្ថកិច្ចក៏កំពុងស្រាវជ្រាវបន្ត ដើម្បីវែកមុខជនដៃដល់ មកអនុវត្តន៍តាមច្បាប់ផងដែរ៕