(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញទទួលថវិកាពីបណ្តាមន្ទីរ អង្គភាព និងសប្បុរសជន ក្នុងឱកាសអបអរសាទរ ខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធនសហគមន៍»។

សូមបញ្ជាក់ថា ថវិកាតាមបណ្តាមន្ទីរ អង្គភាព និងសប្បុរសជន ដែលបានធ្វើពិធីប្រគល់ និងទទួលជំហានទី១នេះ មានចំនួន៨,០៥០ដុល្លារមេរិក និងតាមរយៈលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជានិងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាពោធិ៍សាត់ ដែលបានខិតខំកៀងគរស្វែងរកមូលនិធី ទាំងក្នុង និងក្រៅប្រទេស បានថវិកាចំនួន១ម៉ឺនដុល្លារមេរិក សរុប១៨,០៥០ដុល្លាអាមេរិក។  

លោក ខូយ រីដា បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព បងប្អូនអាជីវករ និងសប្បុរសជនក្នុងខេត្ត ដោយបានលើកឡើងថា ជារៀងរាល់ឆ្នាំតែងតែខិតខំ និងចំណាយពេលវេលាជាច្រើន ដើម្បីគៀងគរស្វែងរកមូលនិធិ សម្រាប់ជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។

ជាក់ស្តែងក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្នុងជំហានទី១នេះ ទទួលបានថវិកាចំនួន១៨,០៥០ដុល្លារអាមេរិក ក្នុងនោះតាមរយៈ លោក កែវ រតនៈ ចំនួន១ម៉ឺនដុល្លារអាមេរិក ដើម្បីសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុកលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ 

លោកបានលើកឡើងថា ជារៀងរាល់ឆ្នាំនៅកម្ពុជា និយាយជារួមដោយឡែក នៅខេត្តពោធិ៍សាត់ តែងតែបានរៀបចំទិវាមនុស្សធម៌ ក្នុងគោលបំណងគៀងគររកមូលនិធិ ប៉ុន្តែរយៈពេលចុងក្រោយនេះបាន ខកខានទៅវិញដោយសារ មមាញឹកក្នុងការងារសង្គម។ ទោះស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព បណ្តាក្រុមហ៊ុន ពាណិជ្ជករ និងអាជីវករ នៅតែបន្តចូលរួមជួយទ្រទ្រង់ សកម្មភាពសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ជាប់ជាប្រចាំមិនដែលខកខាននោះឡើយ។

លោក​បានថ្លែង ដោយសន្យាថា យកថវិកាទាំងនេះ ទៅប្រើប្រាស់ ចាត់ចែង និងជួយទ្រទ្រង់សកម្មភាពសេវាមនុស្សធម៌ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗ ឱ្យបានទាន់ពេលវេលា ស្របទៅតាមគោលការណ៍ច្បាស់លាស់ និងចំគោលដៅ ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន៕