(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ទ្រង់បានព្រះរាជទាន ព្រះរាជសារជូនសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសខួបចម្រើនជន្មាយុ។ ក្នុងព្រះរាជសារដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖

«នាឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាពញាចក្រី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនសម្តេចអគ្គមហាពញាចក្រី សូមទទួលបាននូវមហាជោគជ័យ ថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

ខ្ញុំសូមសម្តែងនូវសេចក្ដីកោតសរសើរដ៏កក់ក្តៅបំផុត និងសូមផ្ដល់ការគាំទ្រជានិច្ច ចំពោះសម្តេចអគ្គមហាពញាចក្រី ជាឥស្សរជនជាតិដ៏ខ្ពង់ខ្ពស់មួយរូប ដែលបានខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ បំពេញភារកិច្ចចូលរួមចំណែកដឹកនាំការពារ កសាង បម្រើ ជាតិសាសនា ព្រះមហាក្សត្រ ហើយមាតុភូមិ និងប្រជារាស្ត្រកម្ពុជា ទទួលបានជ័យជម្នះគ្រប់ភារកិច្ច និងសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍជាតិគ្រប់កាលៈទេសៈ។

ទន្ទឹមនេះដែរខ្ញុំ សូមប្រសិទ្ធពរ សម្តេចអគ្គមហាពញាចក្រី និងសម្តេច ធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចអគ្គមហាពញាចក្រី ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ»៕