(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលជួបសម្ដែងការគួរសម និងជូនពរសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ គម្រប់ ៨៩ ឈានចូល ៩០ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានអាននូវសារលិខិតជូនពរ សម្ដេចពញាចក្រី ហេង សំរិន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

«នាទិវាដ៏មហានក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុគម្រប់ ៨៩ ឈានចូល ៩០ឆ្នាំ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ តាំងនាមថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ ព្រមទាំងភរិយា សូមសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរ ដោយក្តីគោរពស្រលាញ់យ៉ាងកក់ក្តៅបំផុត។

យើងខ្ញុំសូមយកឱកាសដ៏វិសេសវិសាលនេះ សម្តែងនូវការគោរពស្ញប់ស្ញែងដោយស្មោះអស់ពីដួងចិត្ត ចំពោះសម្តេចអគ្គមហាពញាចក្រី ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត គំនិត ប្រាជ្ញា ស្មារតី និងបទពិសោធន៍ដ៏ប៉ិនប្រសប់ បំពេញតួនាទីដឹកនាំស្ថាប័នរដ្ឋសភាជាតិឲ្យមានការអភិវឌ្ឍរីកចម្រើន និងទទួលបានជោគជ័យជាបន្តបន្ទាប់ ឥតឈប់ឈរលើការកសាងមូលដ្ឋានច្បាប់ ឆ្លើយតបបទដ្ឋានគតិយុត្តជាតិ-អន្តរជាតិលើកកម្ពស់ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសនានាលើសកលលោក។ល។ ទន្ទឹមនេះ សម្តេចក៏បានចូលរួមចំណែកយ៉ាងសកម្មជួយដល់កិច្ចការសង្គម សាសនា ប្រជាជនប្រកបដោយទឹកចិត្តជ្រះថ្លា និងមនុស្សធម៌ជ្រាលជ្រៅបំផុត។

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រ បុត្រធីតា ចៅប្រុស-ស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្រអំពីយើងខ្ញុំ»