(កំពង់ចាម)៖ លោក ឌុច ភាស់ ភេទប្រុស អាយុ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រែករំដែង «គ» ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកសារភាពកំហុសជាសាធារណៈ ចំពោះការប្រើប្រាស់ពាក្យសំដីធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអាជ្ញាធរនាពេលកន្លងមក។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក ឌុច ភាស់ បានចោទអាជ្ញាធរ និងប្រើប្រាស់ពាក្យសំដីមិនសមរម្យ ដោយចោទប្រកាន់ថា «ដីព្រៃភ្នំ បឹង ព្រែករលាយគ្មានឆ្កែណាមកលក់ក្រៅពីអាជ្ញាធរពុករលួយ»

ហេតុការណ៍ចោទប្រកាន់នេះ ត្រូវបានបុរសខាងលើរួមជាមួយប្រជាពលរដ្ឋមួយក្រុម ចុះតវ៉ាករណីក្រុមហ៊ុនមួយបានឈូសឆាយដីព្រៃ ស្ថិតនៅចំណុចបឹងចារ ស្ថិតនៅក្នុងភូមិចំនួន៤ភូមិ គឺភូមិក្សេរ ភូមិព្រែករំដេង ភូមិកំពង់ព្នៅ និងភូមិតាង៉ក ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕