(រតនគិរី)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានចុះធ្វើទស្សនកិច្ចផលិតកម្មកៅស៊ូ របស់ក្រុមហ៊ុន ស្វីហ្វរ៉ាប់បឺរ ស្ថិតនៅក្នុងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី រួមជាមួយលោកអភិបាលខេត្ត បានចុះសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីដែលបម្រើការនៅចំការកៅស៊ូ និងបានសិក្សាពីផលិតកម្ម ជីវភាព និងធនធានមនុស្ស ព្រមទាំងបានសាកល្បងការចៀរជ័រកៅស៊ូផងដែរ។

បន្ទាប់ពីទស្សនកិច្ចក្នុងចំការកៅស៊ូ លោករដ្ឋមន្ត្រីក្រសួងកសិកកម្ម រួមជាមួយលោកអភិបាលខេត្ត បានចូលទៅពិនិត្យក្នុងរោងចក្រកៅស៊ូ ដើម្បីសិក្សាពីគុណភាពជ័រ និងប្រភេទចំណាត់ថ្នាក់កៅស៊ូ។ ក្នុងការចុះពិនិត្យនេះលោករដ្ឋមន្ត្រី បានណែនាំដល់រោងចក្រឱ្យយកចិត្តទុកដាក់គិតគូរដល់ការស្តុកទុក និងការដឹកជញ្ជូនឱ្យបានល្អ ធ្វើយ៉ាងណាចំណាយតិចនាំចេញបានច្រើន។

បើតាមលោករដ្ឋមន្ត្រី, ក្រសួងត្រៀមចាំជួយទាំងបច្ចេកទេស និងការដាំដុះ ព្រមទាំងបានស្នើអភិបាលខេត្ត ជួយសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងចូលរួមជំរុញផលិតកម្មកៅស៊ូឱ្យគ្រប់តាមតម្រូវការរោងចក្រ តាមរយៈការគៀងគរឱ្យប្រជាពលរដ្ឋលក់កៅស៊ូមករោងចក្រ។

លើសពីនេះទៀត លោក ឌិត ទីណា ក៏បានណែនាំដល់ប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនី សម្រាប់វិស័យកសិកម្ម ព្រោះមានតម្លៃទាប ដែលនឹងជួយកាត់បន្ថយចំណាយក្នុងផលិតកម្មបង្កើនចំណូលមានចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

ក្នុងព្រឹកថ្ងៃដដែលនេះ គណៈប្រតិភូបានចុះត្រួតពិនិត្យបណ្តុំកសិករដាំបន្លែ និងចិញ្ចឹមគោរបស់កម្មវិធីអាស្បាយ នៅភូមិព្រួកឃុំប៉ាតាងស្រុកលំផាត់។ លោក ឌិត ទីណា បានថ្លែងថា «លោកបានមកជាមួយក្រុមការងារបច្ចេកក្រសួង អ្នកទទួលបន្ទុកគម្រោងទាំងអស់ដើម្បីត្រួតពិនិត្យមើលថាគម្រោងយើងត្រូវហើយ ឬនៅហើយបើមានអ្វីមិនល្អយើងត្រូវកែតម្រូវទៀត តែបើសិនគម្រោងល្អហើយយើងធ្វើបន្តទៀត»។

លោកថា ក្រោយពីចុះស្វែងយល់បណ្តុំកសិករដាំបន្លែ និងចិញ្ចឹមគោដោយកាលពីមុនចិញ្ចឹមគោពូជកណ្តុរ មានមាឌតូចៗលក់បានថោក សូមប្តូរទៅចិញ្ចឹមពូជគោកូនកាត់មានមាឌធំៗ លក់បានតម្លៃថ្លៃជាងឃើញថាមានការរីកចម្រើនជាងមុនឆ្ងាយ។

ទន្ទឹមនោះដែរ លោករដ្ឋមន្ត្រី បានជំរុញឱ្យកសិករដាំបន្លែ និងចិញ្ចឹមគោសិក្សាច្បាស់លាស់ស្វែងយល់ខ្សែសង្វាក់នៃការផ្គត់ផ្គង់ និងតម្លៃទីផ្សារផងដែរ៕