(ភ្នំពេញ)៖ មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានបើកឱ្យសាធារណជន សិស្ស និស្សិត និងបណ្តាក្រុមហ៊ុនឯកទាំងក្នុង និងក្រៅស្រុក (Open House) ចូលទស្សនាស្វែងយល់ពីផលិតកម្មឌីជីថល និងម៉ាស៊ីន CNC ដែលជាម៉ាស៊ីនផលិតគ្រឿងបន្លាស់ឬគ្រឿងបង្គុំផ្សេងៗ ខណៈមជ្ឈមណ្ឌលនេះនឹងបើកទ្វារត្រៀមបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា។

ពិធី Open House នៃមជ្ឈមណ្ឌល CJDM នេះត្រូវប្រារព្ធឡើងក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។

បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងការបរទេសជប៉ុន (MOFA) និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) សម្រាប់ការគាំទ្រ ដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឧស្សាហកម្មផលិតកម្មឌីជីថលនៅកម្ពុជា និងលោកបណ្ឌិត Masahiko MORI ប្រធានក្រុមហ៊ុន DMG MORI សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) លើជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលម៉ាស៊ីន CNC នៅ CJDM ។
បណ្ឌិតសភាចារ្យបន្តថា មជ្ឈមណ្ឌល CJDM ត្រូវបានបង្កើតឡើងជាមួយនឹងការរំពឹងទុក ដើម្បីក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា សម្រាប់ការផលិតឌីជីថលកម្រិតខ្ពស់ នៅក្នុងតំបន់ដោយផ្អែកលើ R&D ជាមួយនឹងម៉ាស៊ីន CNC ទំនើបចុងក្រោយបំផុត និងអាចកាត់បន្ថយកាកសំណល់ បង្កើនផលិតភាព និងបង្កើនគុណភាពនៃផលិតផល ដែលមានម៉ាស៊ីនទំនើបៗចំនួន៣គ្រឿង មានសមត្ថភាពផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គំគ្រប់ប្រភេទ និងគ្រប់ទំហំពីសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថល។
បណ្ឌិត ម៉ី កល្យាណ ប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន បានប្រាប់អ្នកព័ត៌មានថា មជ្ឈមណ្ឌលនេះ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញផលិតកម្មឌីជីថល ឬឧស្សាហកម្មមេកានិក និងចូលរួមចំណែកក្នុងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផលិតផលិតផលផ្សេងៗ ដែលមានតម្លៃបបន្ថែមខ្ពស់ និងនាំចេញទៅលក់នៅលើទីផ្សារ។
លោកបន្តថា មជ្ឈមណ្ឌល CJDM នឹងធ្វើការសហការជាមួយក្រុមហ៊ុនឯកជនក្នុងស្រុក ដែលត្រូវការធនធានមនុស្សខាងផ្នែកផលិតកម្មឌីជីថល និងឧស្សាហកម្មមេកានិច និងសហការជាមួយក្រុមហ៊ុនក្រៅស្រុក ដើម្បីនាំចេញផលិតផលផងដែរ។
លោកមានប្រសាសន៍ថា ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវិស្វកម្ម និងផលិតកម្ម ក្នុងយុគសម័យឧស្សាហកម្ម ៤.០ មានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រសើរឡើង នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើតឱ្យមានកំណើនប្រកបដោយចីរភាព។
លោកបណ្ឌិត ងួន ផាន ភក្តី ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្ម បានមានប្រសាសន៍ថា មជ្ឈមណ្ឌល CJDM នឹងចាប់ផ្តើមបើកទ្វារបណ្តុះបណ្តាលជំនាញទាក់ទងនឹងឧស្សាហកម្មផលិតកម្មឌីជីថលនេះ ដល់និស្សិតនៅដើមឆ្នាំក្រោយ។ តែយ៉ាងណាលោកបញ្ជាក់ថា ក្រៅពីនិស្សិត មជ្ឈមណ្ឌល CJDM នឹងបើកទូលាយសម្រាប់បុគ្គលទូទៅ ទាំងបុគ្គលិកក្រុមហ៊ុន និស្សិតពីសាកលវិទ្យាល័យនានា ឬមន្រ្តីរដ្ឋបាលភិបាល ដែលមានបំណងបង្កើនជំនាញលើផ្នែកឧស្សាហកម្ម ផលិតកម្មឌីជីថល ឬមេកានិចនេះ។
មជ្ឈមណ្ឌល CJDM ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ត្រូវបានគាំទ្រ និងផ្តល់ជំនួយដោយជប៉ុន។ មជ្ឈមណ្ឌលនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ការស្រាវជ្រាវ ការអភិវឌ្ឍ ការច្នៃប្រឌិត និងសេវាកម្មនៅក្នុងវិស័យផលិតកម្មឌីជីថលនៅកម្ពុជា។
បច្ចុប្បន្ននេះ ម៉ាស៊ីន CNC កម្រិតខ្ពស់ចំនួនបី គឺ LEASERTEC 300 DED hybrid, MDG 85 mono BLOCK និង NLX2500SY បាននាំចូល មកកាន់មជ្ឈមណ្ឌល CJDM ដែលមានតម្លៃសរុបប្រមាណ៥លានដុល្លារអាមេរិក។ ក្នុងចំណោមម៉ាស៊ីនទាំង៣នេះ ម៉ាក LEASERTEC 300 DED hybrid មានតែ ៤ប៉ុណ្ណោះក្នុងពិភពលោក គឺនៅកម្ពុជា ជប៉ុន សហរដ្ឋអាមេរិក និងអាល្លឺម៉ង។ ម៉ាស៊ីននេះ មានសមត្ថភាពផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គំគ្រប់ប្រភេទ និងគ្រប់ទំហំ ពីសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថល៕