(ភ្នំពេញ)៖ នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ី ភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ មានរៀបចំទិវាបណ្តាញទំនាក់ទំនង ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព (Ecosystem Networking Day) ដែលរៀបចំដោយ សហគ្រិនខ្មែរ(Khmer Enterprise)។

ទិវានេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ សហគ្រិនភាព ដោយមានការចូលរួម ពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានធនាគារ, សហគ្រិន និងវិស័យឯកជនផ្សេងទៀត ដែលជាតួអង្គសំខាន់ៗ (Stakeholders) នៅក្នុងប្រព័ន្ធអេកូឡូស៊ីស ហគ្រិនភាពនៅកម្ពុជា។

លោក វង្សី វិស្សុត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខ នៃរាជរដ្ឋាភិបាល មានចក្ខុវិស័វែងឆ្ងាយ និងបានចាត់ទុកវិស័យ ឯកជនជាដៃគូដ៏សំខាន់ ក្នុងកិច្ចអភិវឌ្ឍន៍ ហើយបានផ្តល់អាទិភាពខ្ពស់បំផុតដល់ការ អភិវឌ្ឍវិស័យឯកជន និយាយជារួម និងនិយាយដោយឡែក គឺការអភិវឌ្ឍសហគ្រិនភាព ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤។

លោកបានបន្តថា រាជរដ្ឋាភិបាលចង់ឃើញធុរកិច្ចបង្កើតថ្មី (Start-up) រីកលូតលាស់ក្លាយ ទៅជាសហគ្រាសធុនតូច និងមធ្យម (SMEs), ចង់ឃើញសហគ្រាសធុនតូច (Micro Enterprises) រីកលូតលាស់ក្លាយ ទៅជា សហគ្រាស ធុនមធ្យម (Medium Enterprises), និងចង់ឃើញសហគ្រាសធុនមធ្យម រីកចម្រើនលូតលាស់អភិវឌ្ឍន៍ខ្លួន ទៅជាសហគ្រាសធុនធំ ព្រមទាំង ចង់ឃើញសហគ្រាសទាំងនោះ ជួយបង្កើតតម្លៃបន្ថែមឱ្យបាន កាន់តែច្រើន ក្នុងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា។

លោក វង្សី វិស្សុត បានលើកឡើងផងដែរថា សហគ្រាសធុនតូច និងមធ្យម (SMEs) បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ចកម្ពុជា ព្រោះ SMEs មានចំណែកជាង ៩០% នៃសហគ្រាសធុរកិច្ចនៅកម្ពុជា និងបានរួមចំណែកបង្កើតការងារ ប្រមាណជាង ៧០% និងមានចំណែកប្រហែលជិត ៦០% នៃ ផ.ស.ស. ក្នុងមួយឆ្នាំ ព្រមទាំងបានចូលរួមបង់ពន្ធ ដែលជាចំណូលថវិការដ្ឋ ប្រមាណ ១៥% នៃចំណូលពន្ធដារសរុប ហើយមានចំណែកប្រមាណ ១០% នៃការនាំចេញផងដែរ។

លោកបានបន្តថា តួលេខនេះ គឺបានឆ្លុះបញ្ចាំងពីស្ថានភាព និងបញ្ហាប្រឈមរបស់ SMEs នាពេលបច្ចុប្បន្ន ក៏ដូចជាសក្តានុពលនានា ដែលយើងអាចធ្វើបាន ដើម្បីអាចជួយឱ្យ SMEs អាចដើរតួនាទីកាន់តែសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ទាំងក្នុងក្របខណ្ឌ នៃការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតតម្លៃបន្ថែម, ការបង្កើតការងារ, និងការជួយទ្រទ្រង់ការនាំចេញ និងទាំងក្នុងក្របខណ្ឌ នៃការចូលរួមចំណែក ក្នុងការបង់ពន្ធបង្កើនចំណូលថវិការដ្ឋ។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺជាកត្តាសំខាន់មិនអាចខ្វះបាន សម្រាប់លើកស្ទួយសហគ្រិនភាព និងជាសសរស្តម្ភ នៃការអភិវឌ្ឍវិស័យឯកជន ដែលជាកម្លាំងចលករ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើតតម្លៃបន្ថែម, ការបង្កើតការងារ, ការបង្កើនប្រសិទ្ធភាព សេដ្ឋកិច្ច និង ជាប្រភពនៃនាវានុវត្តន៍ ។ លោកបានបន្តថា ក៏ប៉ុន្តែការកសាង និងអភិវឌ្ឍសហគ្រិនភាព នៅកម្ពុជាក្នុង ស្ថានភាព បច្ចុប្បន្ន ទាមទារឱ្យ មានការជួយទ្រទ្រង់ ពីសំណាក់រដ្ឋាភិបាល និងពីដៃគូផ្សេងទៀត ដោយមិនអាចឱ្យសហគ្រិនភាព រីកចម្រើន តាមយថាហេតុ បាននោះទេ ដោយសារលក្ខខណ្ឌមួយចំនួន ដែលមិនអាចបង្កលក្ខណៈអំណោយផល ឱ្យសហគ្រិនភាពអាចរីកលូតលាស់ ដោយខ្លួនឯងបាន ដែលរួមមាន៖ (ទី១).មូលដ្ឋាន សេដ្ឋកិច្ចកម្ពុជា នៅមានភាពទន់ខ្សោយ (ទី២).បញ្ហា market failure និង market distortion ដែលអាចបង្កឱ្យមានការរាំង ស្ទះទៅដល់ការ ចូលទីផ្សារ (market entry) ប្រតិបត្តិការ (operation), ភាពរឹងប៉ឹង (viability), និងចីរភាព (sustainability) របស់ SMEs (ទី៣).វប្បធម៌សហគ្រិនភាព នៅកម្ពុជានៅមានកម្រិតនៅឡើយ ដោយសារបញ្ហាជាប្រវត្តិសាស្រ្តផង និងបញ្ហាវប្បធម៌ផង។

ទន្ទឹមនឹនេះ ហានិភ័យក្នុងការធ្វើធុរកិច្ច ក៏នៅមានបញ្ហាច្រើន និងស្មុគស្មាញ ហើយស្ថាប័នដែលមានតួនាទីគាំទ្រ ទៅដល់ការអភិវឌ្ឍ SMEs ទៀតសោត ក៏នៅមានភាពទន់ខ្សោយ ។ ឈរលើមូលដ្ឋាន នៃស្ថានភាពជាក់ស្តែងខាងលើនេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ ក្នុងការធ្វើអន្តរាគមន៍ជួយដល់ SMEs ឱ្យកាន់តែរីកចម្រើនលូតលាស់ ក៏ប៉ុន្តែការលូកដៃអន្តរាគមន៍នេះ ត្រូវតែមានទស្សនវិជ្ជាច្បាស់លាស់ ដោយត្រូវតែគោរព ទៅតាមគោលការណ៍ទីផ្សារ ដើម្បីជៀសវាងនូវស្ថានភាព ដែលនាំទៅដល់ការពឹងផ្អែកជ្រុល មកលើរាជរដ្ឋាភិបាល ពោលគឺ SMEs ត្រូវតែចេះរៀនរស់ និងចេះជួយខ្លួនឯងឱ្យកាន់តែរីកចម្រើន ដោយមិនមែនចាំតែពឹងមកលើរដ្ឋរហូតនោះទេ។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា ក្នុងស្មារតីខាងលើនេះ គឺប៉ុន្មានឆ្នាំចុងក្រោយនេះ, រាជរដ្ឋាភិបាលបានធ្វើកិច្ចការច្រើនណាស់ ក្នុងការកសាង និងអភិវឌ្ឍន៍ស្ថាប័ន ដើម្បីផ្តល់ការទ្រទ្រង់ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់សហគ្រិន និង SMEs និងធុរកិច្ចបង្កើតថ្មី ដូចជា៖ សហគ្រិនខ្មែរ, មូលនិធិអភិវឌ្ឍន៍ជំនាញ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ, សាជីវកម្មធានាឥណទាន និងធនាគារសហគ្រាសធុនតូចនិងមធ្យម ព្រមទាំងការអភិវឌ្ឍថ្នាល ផ្លាស់ប្ដូរ ទិន្នន័យកម្ពុជា (CamDX) និងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។

ដោយឡែក ក្នុងរយៈពេលជាង ៣ ឆ្នាំមកនេះដែរ សហគ្រិន ខ្មែរ ដែលជាផ្នែកមួយ នៃមូលនិធិអភិវឌ្ឍសហគ្រិនភាព និងធ្វើប្រតិបត្តិការតាមរបៀបក្រុមហ៊ុនឯកជន បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ក្នុងវិស័យអាទិភាពទាំង ៤ គឺវិស័យបច្ចេកវិទ្យា វិស័យកសិកម្ម វិស័យកម្មន្តសាល និងវិស័យសេវាកម្ម ជាពិសេសការ ផ្តោតទៅលើការនាំចេញ (export-oriented) និងការជំនួសការនាំចូល (import substitution) ក្នុងវិស័យកសិកម្ម និងការគ្រាំទ្រដល់ SMEs ក្នុងស្រុក ដើម្បីបង្កើតជាចង្កោម (cluster) និងផ្សារភ្ជាប់ជាមួយការវិនិយោគផ្ទាល់ ពីបរទេស (FDIs) ក្នុងវិស័យកម្មន្តសាល។ ក៏ប៉ុន្តែឯកឧត្តមមានជំនឿថា សហគ្រិនខ្មែរ នៅមានលំហ សម្រាប់បន្តកែលម្អសកម្មភាព និងប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ក៏ដូចជាភាគីពាក់ព័ន្ធ ទាំងអស់នៅ ក្នុងប្រព័ន្ធអេកូឡូស៊ី ទាំងមូល។

ក្នុងន័យនេះ លោករដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធ ដែលបានចូលរួម ក្នុងទិវាបណ្តាញ ទំនាក់ទំនងប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព នាពេលនេះ រួមគ្នាផ្តល់នូវមតិយោបល់ ឬទស្សនៈផ្សេងៗ ពាក់ព័ន្ធនឹងអភិក្រមការងារ ចំណុចដែល ត្រូវធ្វើបន្ត និងចំណុចដែល ត្រូវកែលំអរ ក៏ដូចជាវិស័យអាទិភាព និងកម្មវិធីស្នូលរបស់សហគ្រិនខ្មែរ ព្រមទាំងសសរស្តម្ភសំខាន់ៗ ក្នុងការគាំទ្រធុរកិច្ចបង្កើតថ្មី និង SMEs ដើម្បីឆ្លើយតបទៅនឹងគោលដៅ ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ហើយជាពិសេស គឺការចង់បានរបស់ SMEs៕