(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤​ ខែឧសភា ឆ្នាំ២០២៣ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បាននាំយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ៥០គ្រួសារ ស្ថិតក្នុងភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនេះដែរ លោក ធឹម សំអាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដោយក្តីនឹករលឹកផងដែរ។

លោកអភិបាល ធឹម សំអាន ចុះសួរនេះ គឺដើម្បីពិនិត្យស្ថានភាពផ្ទាល់ នៃជីវភាពពលរដ្ឋក្នុងមូលដ្ឋាន និងបានរំលឹកទៅដល់បងប្អូនប្រជាជនទាំងអស់ នៅមូលដ្ឋានខណ្ឌព្រែកព្នៅ ពិសេសបងប្អូនពលរដ្ឋ ចាស់ជរាគ្មានទីពឹង ជនពិការភាព សូមឲ្យបន្តថែទាំសុខភាពជាប្រចាំ ព្រោះនៅពេលខាងមុខនេះ អាកាសធាតុផ្លាស់ប្តូរ ធ្លាក់ខ្យល់ត្រជាក់ វាងាយនឹងរងជំងឺផ្តាសាយ និងចូលរួមអនុវត្តន៍នូវវិធានការ ដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺយើងរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ជាប្រចាំ ។

លោក ធឹម សំអាន បានគូសបញ្ជាក់ថា ជានិច្ចកាលលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់ប្រជាជន ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់បងប្អូនជានិច្ច ក្នុងគ្រាដែល ពុក ម៉ែ បងប្អូនប្រជាជន ជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានចាត់រូបលោកជាតំណាង ចុះជួបបងប្អូន ដើម្បីដឹងសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គឺលោកមិនបណ្តែតបណ្តោយ ទុកឲ្យពុកម៉ែ បងប្អូនណាម្នាក់គាត់ ស្លាប់បាត់បង់ជីវិត ដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្ខពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

លោកអភិបាលខណ្ឌ បញ្ជាក់ថា អំណោយចែកជូន ប្រជាពលរដ្ឋ៥០គ្រួសារ នាពេលនេះ រួមមាន៖ អង្ករមួយបាវ ២៥គីឡូក្រាម, ទឹកត្រីមួយយួរ និងសម្ភារៈប្រើប្រាស់មួយឈុត។

ដោយឡែក នៅព្រឹកថ្ងៃដដែល លោក ធឹម សំអាន បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាការពារ និងក្រុមប្រតិកម្មរហ័ស ជាង១០០នាក់ ដោយបានយកអំណោយ ជាអង្ករ និងចែកថវិកា មួយចំនួនជូនបងប្អូនផងដែរ៕