(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានបន្តអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែ ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្ថិតនៅបរិវេណវត្តព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សម្រាប់ស្រុកឯកភ្នំនេះផងដែរ ប្រជាពលរដ្ឋដែលអាស្រ័យផលធ្វើស្រែ និងចំការលើដីតំបន់៣មានចំនួន ៥ឃុំ គឺឃុំព្រែកនរិន្ទ ឃុំពាមឯក ឃុំព្រែកហ្លួង ឃុំព្រៃចាស់ និងឃុំកោះជីវាំង ហើយរដ្ឋបាលឃុំ និងរដ្ឋបាលស្រុក បានស្នើសុំ ដល់រាជរដ្ឋាភិបាល ដើម្បីកាត់ឆ្វៀល និងកែសម្រួលព្រំប្រទល់នៃតំបន់បឹងទន្លេសាប ពីដីតំបន់៣ មកជាតំបន់២ មានទំហំ១៣៦៣.៩០ ហិកតា ស្មើនឹង ៤៩០គ្រួសារ, ស្នើសុំកាត់ឆ្វៀលដីតំបន់៣ មកជាតំបន់១ទំហំ ១៣៥០.០៣ហិកតា ស្មើនឹង ២៩៩៥ គ្រួសារ និងស្នើសុំកាត់ឆ្វៀលដីតំបន់២ មកជាតំបន់១ ទំហំ ១៦៤០.១៥ ហិកតាស្មើនឹង ៨៦៧គ្រួសារ។

លោក សុខ លូ បានថ្លែងថា ដោយមានសំណូមពរពីប្រជាពលរដ្ឋ ក៏ដូចជាមេឃុំ អភិបាលស្រុក រហូតដល់ខេត្ត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យពិនិត្យកិច្ចការនេះឡើងវិញ ក្នុងបំណង់ចង់
ឲ្យប្រជាពលរដ្ឋ ដែលអាស្រ័យផលប្រើប្រាស់យូរហើយ អាចអាស្រ័យផលប្រើប្រាស់បានលើដីតំបន់៣នេះ បន្ទាប់មកក្រុមការងាររបស់ខេត្ត ក៏បានចុះពិនិត្យផ្ទៀងផ្ទាត់ម្តងទៀត ដែលរហូតមកដល់នឹងពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យលេខ៩០ ដើម្បីកាត់ឆ្វៀលដីចំនួន៤ស្រុក មានស្រុកថ្មគោល សង្កែ មោងឫស្សី និងស្រុកឯកភ្នំក្នុងតំបន់មួយចំនួន ដែលប្រជាពលរដ្ឋធ្លាប់រស់នៅយូរហើយ ក្នុងតំបន់៣នោះ ដូចជាកោះជីវាំង ព្រៃចាស់មួយចំនួន គឺឲ្យកាត់ឆ្វៀលជាភូមិកររបស់គាត់ ជាតំបន់១ ជាកម្មសិទ្ធិ ហើយដីរបស់ប្រជាពលរដ្ឋអាស្រ័យផលយូរហើយនៅក្នុងតំបន់៣ មិនឲ្យជាកម្មសិទ្ធិទេ ប៉ុន្តែកាត់ឆ្វៀលអាចប្រើប្រាស់អាស្រ័យផលបាន។

លោក បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅសម្រាប់ប្រជាពលរដ្ឋ ឬក៏មានឈ្មួញណាដែលហ៊ានរំលោភបំពានដីតំបន់៣ម្ដងទៀត នឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ ដោយឡែកសម្រាប់មន្រ្ដីអនុវត្តច្បាប់ក៏ដូចគ្នាដែរ គឺត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹងជាទីបំផុត ព្រោះថា បើមិនធ្វើការរឹតបន្តឹងច្បាប់ និងតាមរកអ្នកដែលបំផ្លិចបំផ្លាញដីតំបន់៣នេះទៀត នោះ មច្ឆជាតិនៅបឹងទន្លេសាបនឹងត្រូវបាត់បង់បន្ដិចម្ដងៗ ហើយបឹងទន្លេសាបនឹងកាន់តែរួមតូចទៅៗ ធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិជាធំ ដែលជាសម្បត្តិធម្មជាតិដ៏ល្អឥតខ្ចោះរបស់ប្រទេសជាតិ ។

លោកអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលសម្ដេចបានធ្វើការគិតគូរដល់ប្រជាពលរដ្ឋ ធ្វើការអាស្រ័យផលលើដីតំបន់២ តំបន់៣ នេះជាយូរណាស់មកហើយ ដើម្បីសម្រួលព្រំដីតំបន់៣មកជាតំបន់២ និងតំបន់២មកជាតំបន់១ ដើម្បីបង្កលក្ខណៈដ៏ប្រសើរដល់ជូនប្រជាពលរដ្ឋ៕