(ភ្នំពេញ)៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើសារថ្លែងអំណរព្រះគុណ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់បានព្រះរាជទានពរ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្តេច។

ក្នុងសារលិខិតនេះ សម្ដេចអគ្គមហាពញាចក្រី បានលើកឡើងដូច្នេះថា៖

«ទូលព្រះបង្គំជាខ្ញុំ សូមសម្ដែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជសារ និងកន្ត្រក ផ្កាដ៏ស្រស់ស្អាតរបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសខួបកំណើតគម្រប់ ៨៩ឈានចូល ៩០ឆ្នាំ របស់ទូលព្រះបង្គំជាខ្ញុំ។ ទូលព្រះបង្គំមានសេចក្តីសោមនស្សរីករាយជាអេកប្បការ ចំពោះព្រះរាជសារសព្ទសាធុការពរ ប្រកបដោយអត្ថន័យយ៉ាងល្អជ្រាលជ្រៅ។

ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រមទាំងគុណបុណ្យព្រះបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមមេត្តាជួយអភិបាលគ្រងរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួស្តី វិបុល សុខ បវរមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងព្រះញាតិ វង្សានុវង្ស សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស»៕