(ភ្នំពេញ)៖ ឧកញ៉ា សុខ សំណាង និងលោកជំទាវ ស៊ីម សុនិមល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បាននាំយករថយន្តចំនួន ២គ្រឿង គឺរថយន្ត HYUNDAI VIP ៧កៅអី ពណ៌ស ស៊េរីឆ្នាំ២០២៣ និងរថយន្តដឹកជញ្ជូនចំណុះ ២.៥តោន ម៉ាក ISUZU ស៊េរីឆ្នាំ២០២៣ ដែលសរុបជាថវិកាចំនួន ១០០,០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។

ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តទៅទីស្នាក់ការកណ្តាលកាកបាទបាទក្រហមកម្ពុជា ក្រោមវត្តមានលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកស្រីកិត្តិបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា សុខ សំណាង និងលោកជំទាវ ស៊ីម សុនិមល ដែលបានឧបត្ថម្ភរថយន្តចំនួន ២គ្រឿងនៅពេលនេះ និងឳកាសកន្លងមក ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី ក៏បានកោតសរសើរពីទឹកចិត្ដដ៏សប្បុរសនេះ។

សូមជម្រាបថា ឧកញ៉ា សុខ សំណាង និងលោកជំទាវ ស៊ីម សុនិមល តែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១២មក ដោយផ្តល់ការឧបត្ថម្ភជាថវិកា រថយន្ត និងភេសជ្ជៈជាដើម សម្រាប់បម្រើឱ្យសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា៕