(ភ្នំពេញ)៖ អនុប្រធានក្រុមការងារ និងជាបេក្ខភាពតំណាងរាស្ត្រលេខរៀងទី២ របស់គណបក្សភ្លើងទៀន ក្នុងខេត្តពោធិ៍សាត់ លោក អ៉ឹង ហុកស្រ៊ាង បានសម្រេចចិត្តដើរចេញពីបក្សភ្លើង ហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ថ្នាក់ដឹកនាំដែលបានធ្វើដំណើរជាមួយបក្សប្រឆាំងជាច្រើនឆ្នាំរូបនេះ បានលើកឡើងថា មូលហេតុនាំឱ្យរូបលោកដើរចេញនេះពីបក្សភ្លើងទៀន ព្រោះតែអំពើពុករលួយ និងបក្ខពួកនិយមនៅក្នុងបក្សនេះ។
លោក អ៉ឹង ហុកស្រ៊ាង បានគូសបញ្ជាក់បែបនេះ «ដោយខ្ញុំបានមើលឃើញនៅក្នុងបក្សភ្លើងទៀន មានភាពចម្រូងចម្រាស់ អំពើពុករលួយ បក្ខពួកនិយម ធ្វើឱ្យខ្ញុំបាទមិនអាចទ្រាំ និងរស់នៅជាមួយបក្សភ្លើងទៀនតទៅទៀតបានទេ»។
ជាមួយនឹងសម្រេចដើរចេញពីគណបក្សភ្លើងទៀន លោក អ៉ឹង ហុកស្រ៊ាង ក៏បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
សំណើរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានស្វាគមន៍ដោយក្តីសោមនស្សពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ក្នុងមួយរយៈចុងក្រោយមានថ្នាក់ដឹកនាំបក្សភ្លើងទៀនជាច្រើនរូប កំពុងនាំសម្រុកចាកចេញពីបក្សភ្លើងទៀន ហើយទៅរួមរស់ជាមួយបក្សប្រជាជនកម្ពុជា។ ការចាកចេញរបស់ពួកគេក្រោមហេតុផលអស់ជំនឿលើការដឹកនាំរបស់បក្សភ្លើងទៀន និងក្រោមហេតុផលថា ពុករលួយ និងបក្ខពួកនិយម មិនផ្តល់តម្លៃសម្រាប់អ្នកតស៊ូក្នុងបក្សជាដើម៕