(ភ្នំពេញ)៖ ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ៖ «ដាំដំណាំផ្តល់អាហារ កុំដាំថ្នាំជក់» ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែមអំពី ផលប៉ះពាល់នៃដំណាំថ្នាំជក់ និងលើកទឹកចិត្តដល់ការដាំដំណាំដែលផ្តល់អាហារ ដែលធ្វើឱ្យប្រសើរដល់សន្តិសុខស្បៀង ហើយថ្នាំជក់មិនមែនជាអាហារ។ នេះបើតាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក (WHO)។ https://www.who.int/news-room/questions-and-answers/item/world-no-tobacco-day-2023---grow-food--not-tobacco

អង្គការសុខភាពពិភពលោក បានបញ្ជាក់ទៀតថា ការដាំដុះថ្នាំជក់គ្មានសារប្រយោជន៍ និងមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះអ្នកជុំវិញ។ ការដាំដុះថ្នាំជក់ បង្កជាអសន្តិសុខស្បៀងដោយសារ វាមិនបានផ្ដល់ផលចំណេញដល់កសិករដាំថ្នាំជក់ខ្នាតតូចទេ។ ការស្រាវជ្រាវបានបង្ហាញថា កសិករដាំថ្នាំជក់ខ្នាតតូច នៅតែក្រីក្រដោយសារតែស្លឹកថ្នាំជក់មានតំលៃថោក និង ផ្តាច់មុខដោយក្រុមហ៊ុនធំៗ។ ពួកគេក៏បាត់បង់ឱកាសសេដ្ឋកិច្ចផ្សេងទៀត ហើយកសិករជាច្រើនបានជាប់អន្ទាក់ជាមួយកិច្ចសន្យាមិនស្មើភាពជាមួយក្រុមហ៊ុនថ្នាំជក់និងត្រូវខាត ពេលដែលទូទាត់នឹងការចំណាយលើកម្លាំងពលកម្មរួច។

ការដាំដុះថ្នាំជក់ក៏ធ្វើឱ្យខ្សោះជីជាតិដីផងដែរ។ លើសពីនេះការទន្រ្ទានដីនិងការកាប់ព្រៃឈើ សម្រាប់ដាំថ្នាំជក់និងសម្ងួតស្លឹកថ្នាំជក់គឺធ្វើឱ្យបាត់បង់ផ្ទៃដីព្រៃឈើពិភពលោករហូតដល់៥%។ បន្ថែមពីនេះទៀតការបំពុលដោយសារជាតិគីមីកសិកម្ម និងការកាប់ព្រៃឈើដោយសារការដាំដុះថ្នាំជក់ បានរួមចំណែកធ្វើឱ្យមានអសន្តិសុខស្បៀងផងដែរ។ ដោយហេតុថា ការដាំដុះថ្នាំជក់គឺបំផ្លាញដីនិងប្រព័ន្ធអេកូឡូស៊ី ដែលធ្លាប់បានប្រើប្រាស់សម្រាប់ការដាំដំណាំអាហារ។

បើនិយាយពីអ្នកប្រើប្រាស់ថ្នាំជក់វិញ គេសង្កេតឃើញថា អ្នកជក់បារីបានចំណាយប្រាក់ចំណូលមួយភាគធំរបស់ខ្លួនទៅលើផលិតផលថ្នាំជក់ ដែលវាមិនត្រឹមតែជាបន្ទុកហិរញ្ញវត្ថុរបស់អ្នកជក់បារីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានកាត់បន្ថយលទ្ធភាពបែងចែកប្រាក់ចំណូលរបស់ខ្លួនទៅលើតម្រូវការចាំបាច់ដូចជាអាហារ ការអប់រំ និងការថែទាំសុខភាពដែរ។

សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប ការយកប្រាក់ចំណូលសម្រាប់ទិញអាហារទៅទិញថ្នាំជក់ នឹងធ្វើឱ្យមានអសន្តិសុខស្បៀងកាន់តែខ្លាំង និងនាំទៅរកកង្វះខាតអាហារសម្រាប់កុមារនិងមនុស្សពេញវ័យ ព្រមទាំងកង្វះអាហារូបត្ថម្ភដែលប៉ះពាល់ជាអវិជ្ជមានដល់ការលូតលាស់រាងកាយ ចិត្តគំនិត និងការរៀនសូត្រផងដែរ។ ក្នុងរយៈពេលវែង ការប្រើប្រាស់ថ្នាំជក់ជះឥទ្ធពលយ៉ាងធ្ងន់ធ្ងរទៅលើភាពក្រីក្រ ខណៈដែលជំងឺធ្ងន់ធ្ងរនឹងនាំទៅរកការចំណាយព្យាបាលយ៉ាងច្រើន។ លើសពីនេះ វាធ្វើឱ្យពួកគេបាត់បង់ចំណូលដោយសារពិការភាព និងស្លាប់មុនអាយុកំណត់ដោយសារជំងឺដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់។

យ៉ាងណាមិញ បញ្ហាដែលធ្វើឱ្យពួកគេនៅតែបន្តប្រើប្រាស់និងចំណាយប្រាក់លើថ្នាំជក់នោះគឺ ថ្នាំជក់នៅតែបន្តមានតម្លៃថោក ស្របពេលដែលតម្លៃអាហារមានការកើនឡើង។ ដូចនេះដើម្បីជាដំណោះស្រាយ រាជរដ្ឋាភិបាលគួរតែពង្រឹងគោលនយោបាយ ការអនុវត្តការលើកទឹកចិត្តកសិករឱ្យផ្លាស់ប្ដូរមុខដំណាំពីការដាំដុះថ្នាំជក់ទៅដាំដំណាំអាហារជំនួសវិញ។ កាន់តែសំខាន់នោះគឺកម្ពុជាគួរតែបង្កើតគោលនយោបាយដំឡើងពន្ធថ្នាំជក់ជាប្រចាំ ដើម្បីកាត់បន្ថយលទ្ធភាពប្រើប្រាស់ថ្នាំជក់របស់ប្រជាពលរដ្ឋក្រីក្រ។ ដែលនេះ នឹងជំរុញឱ្យពួកគេកាត់បន្ថយនិងឈានទៅរកការផ្ដាច់ឈប់ប្រើប្រាស់ថ្នាំជក់ និងជួយឱ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយលើទំនិញអាហារចាំបាច់៕