(ភ្នំពេញ)៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានពន្យល់បន្ថែមថា គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នឹងមិនអាចចូលរួមបោះ​ឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៧ បាននោះទេ។

ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើង​ទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះ​ឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការសម្រេចនេះបានធ្វើឡើងក្រោយបើកកិច្ចប្រជុំពេញអង្គ ដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំពេញអង្គ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សទាំងពីរ គឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ពុំអាចចូលរួមនៅក្នុងការបោះឆ្នោតបានទេ។ ខ្ញុំសូមបញ្ជាក់ជូនថា បើនិយាយពីនីតិរដ្ឋ និងច្បាប់ នោះហើយជាគោលការណ៍សេរី ត្រឹមត្រូវ និងតម្លាភាព ពីព្រោះនីតិរដ្ឋ ពុំអាចឃ្លាតឆ្ងាយពី គោលការណ៍សេរី ត្រឹមត្រូវ និងតម្លាភាព បានទេ។ អញ្ចឹងក្នុងនាមជាស្ថាប័នកំពូលរបស់ជាតិ យើងមិនអាចធ្វើអ្វីដែលខុសពីសមត្ថកិច្ច ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលប្រគល់ភាពរកិច្ចឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និងដោះស្រាយវិវាទនានា ដែលពាក់ព័ន្ធនឹងការបោះឆ្នោត»

អ្នកនាំពាក្យ បានបន្តថា ក្នុងជំហរច្បាប់ របស់ក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈកិច្ចប្រជុំពេញអង្គ បានទទួលពាក្យបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ទុកថាត្រឹមត្រូវតាមទម្រង់។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺគតិច្បាប់មិនឆ្លើយតប ដោយសារតែក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសំខាន់ លើការសម្រេចរបស់ គ.ជ.ប ថាតើការសម្រេចទៅលើបក្សទាំងពីរនោះ ត្រឹមត្រូវដែរឬទេ។

ជាទិដ្ឋភាពច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើការថ្លឹងថ្លែង ទៅលើកម្មវត្ថុបណ្តឹងដែលគណបក្សទាំងពីរ ដែលបានដាក់មកក្រុមប្រឹក្សាធម្មនុញ្ញ ហើយបានថ្លឹងថ្លែងទៅលើសេចក្តីអះអាង លើសេចក្តីសម្រេចរបស់ គ.ជ.ប ។ នៅក្នុងការផ្ទៀងផ្ទាត់នេះឃើញថា គ.ជ.ប បានអនុវត្តទៅតាមមាត្រា ២៧ និងមាត្រា ៣១ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រឹមត្រូវហើយ ពោលគឺស្របទៅតាមស្មារតីនៃមាត្រានេះ។

ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យលើលក្ខខណ្ឌនៃទម្រង់ច្បាប់ហ្នឹង គឺកំណត់ថា បណ្តឹងរបស់បក្សទាំងពីរ ផ្ទុយនឹងគតិច្បាប់ ដោយសារតែ គ.ជ.ប បានអនុវត្តស្របតាមមាត្រា២៧ និងមាត្រា ៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលអានដោយលោក តាំង រតនា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីប្រជុំពិភាក្សា ក្រុមប្រឹក្សាធម្មនុញ្ញចាត់ទុកបណ្តឹងទាំងពីរនេះ ត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។

សូមជម្រាបថា ថ្មីៗនេះ គ.ជ.ប បានចេញសេចក្តីសម្រេច បដិសេធការចុះបញ្ជីឈរ​ឈ្មោះ​បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សមហា​សាមគ្គី​ជាតិខ្មែរ និងគណបក្សភ្លើងទៀន ក្រោមហេតុផលគណបក្សទាំងពីរនេះ មិន​បានបំពេញឱ្យគ្រប់លក្ខ​ខណ្ឌតម្រូវ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ដោយឡែកគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួល​ស្គាល់​ជា​ផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយ សម្រាប់ការជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាលទី៧ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាង​មុខ​នេះ បន្ទាប់ពីគណបក្សទាំងនោះបំពេញគ្រប់លក្ខខណ្ឌ នៃច្បាប់បោះឆ្នោត។

បើតាមអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ការបោះឆ្នោតខាងមុខ ដែលមានបក្សជាច្រើនចូលរួមនោះ គឺជាការបោះឆ្នោតដែលប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រោះក្នុងច្បាប់មិនមានចែងថា ទាល់តែបក្សនេះ ឬបក្សនោះ ចូលរួមបោះឆ្នោត ទើបហៅថា ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឡើយ៕