(បាត់ដំបង)៖ បន្ទាប់ពីរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាក្រោមការដឹកនាំប្រកបដោយឆន្ទះមុះមុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបាន យ៉ាងច្រើនសន្ធឹកសន្ធាប ចូលរួមសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជានៅគ្រប់ទិសទីរាប់លាននាក់ និងផ្តល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតាសម្រាប់កសាងភូមិឋាននិងបង្កបង្កើនផល ព្រមទាំងបានរកឃើញនិងកំទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់។

នេះជាការលើកឡើងរបស់ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងកម្មវិធីបើកយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅឃុំត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ យុទ្ធនាការនេះ មានការចូលរួមពីលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង រដ្ឋបាលស្រុករុក្ខគីរី ក្រុមការងារផែនការសកម្មភាពមីនខេត្តបាត់ដំបង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជា ៤០០នាក់។

ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ការងារបោសសម្អាតមីននិងគ្រាប់ មិនត្រឹមតែបានចូលរួមផ្តល់ដីសុវត្ថិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានយ៉ាងច្រើន គួបផ្សំជាមួយនឹងការយកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងជម្រុញការងារផ្សព្វផ្សាយអប់រំការយល់ដឹងអំពីមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមមូលដ្ឋាន ផងដែរ។

ទេសរដ្ឋមន្រ្តី បន្តទៀតថា ជារៀងរាល់ឆ្នាំ អាជ្ញាធរមីន សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធរួមមាន ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា កាកបាទក្រហមកម្ពុជា ប៉ូលីស អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ CMAC, NPMEC, HALO Trust, MAG, CSHD, CMVIS, SOS តែងតែរៀបចំសារ និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមតំបន់ប្រឈមនឹងការរងគ្រោះថ្នាក់ និងរងផលប៉ះពាល់ដោយសារមីននិងគ្រាប់ ជាពិសេសតំបន់ដែលមានប្រជាពលរដ្ឋអាស្រ័យផលច្រើន ដើម្បីក្រើនរំលឹក និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានយល់ដឹងបន្ថែមអំពីការគ្រោះថ្នាក់ជាយកថាហេតុ។

រយៈពេល៥ឆ្នាំពីឆ្នាំ២០១៨-២០២២ ប្រជាពលរដ្ឋបានទទួលសារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះពីប្រតិបត្តិករជាតិនិងអន្តរជាតិ ចំនួន ៥ ៤៣២ ១១៩នាក់។ ដោយឡែកក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន ៥៧៤ ០៩៥ នាក់ បានទទួលសារអប់រំនេះផងដែរ។

ទោះបីកម្ពុជាសម្រេចនូវសមិទ្ធផលយ៉ាងធំធេង ទាំងការងារបោសសម្អាតមីន/គ្រាប់ និងផ្សព្វផ្សាយអប់រំបានច្រើនយ៉ាងណាក្តី ប៉ុន្តែប្រជាជនកម្ពុជា នៅតែបន្តទទួលរងគ្រោះថ្នាក់ក្នុងកម្រិតមួយទាប តាមសកម្មភាពផ្សេងៗជាដើម។ ទន្ទឹមនឹងនោះ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី​ ទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះតំបន់សង្ស័យ និងគ្រាប់មិនទាន់ផ្ទុះស្ថិតនៅរាយប៉ាយ ដែលយើងមិនបានកំណត់ជាតំបន់គ្រោះថ្នាក់នៅឡើយ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី ក្នុងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានសម្តែងនូវការដឹងគុណយ៉ាងខ្ពង់ខ្ពស់ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចាត់ទុកសកម្មភាពមីន ជាការងារអាទិភាពមួយរបស់ជាតិ ព្រមទាំងបានបន្តដាក់ចេញនូវចក្ខុវិស័យដឹកនាំក្នុងបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ឆ្នាំ២០២៥ និងសូនគ្រោះថ្នាក់ដោយសារមីន។

ទេសរដ្ឋមន្រ្តី លី ធុជ ក៏​បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងនឹករលឹកជាទីបំផុតពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាផ្ញើជូនបងប្អូនប្រជាពលរដ្ឋ ខេត្តបាត់ដំបងទាំងអស់ និងអង្គពិធីទាំងមូល។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគ្រប់ក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ដែលបានចូលរួមជាមួយសម្តេចតេជោ ក្នុងការងារបោសសម្អាតមីន និងកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកម្ពុជា៕