(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានបន្តអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែ ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ជាស្រុកក្រោយគេ នៃខេត្តបាត់ដំបង។

សម្រាប់ស្រុកមោងឫស្សីនេះ ប្រជាពលរដ្ឋដែលអាស្រ័យផលធ្វើស្រែក្នុងតំបន់៣មានចំនួន៥ឃុំ គឺឃុំឫស្សីក្រាំង ឃុំជ្រៃ ឃុំតាលាស់ ឃុំកកោះ ឃុំព្រៃតូច រដ្ឋបាលឃុំ រដ្ឋបាលស្រុក ស្នើសុំរាជរដ្ឋាភិបាលកាត់ឆ្វៀល កែសម្រួលព្រំប្រទល់ នៃតំបន់បឹងទន្លេសាបព្រំប្រទល់តំបន់៣ មកព្រំតំបន់២ ទំហំ ១,៣២៦.១ហិកតា ស្មើនឹងប្រជាពលដ្ឋចំនួន១៧១គ្រួសារកែសម្រួលតំបន់២មកព្រំតំបន់១ មានទំហំផ្ទៃដីសរុប ៩៨៧.៩៥ហិកតា ស្មើនឹង ១,៥៧៣ក្បាលដី មានចំនួន​គ្រួសារ ១,២០៩គ្រួសារ ហើយរដ្ឋបាលស្រុក គ្រោង​នឹងធ្វើពិធី​ប្រកាសតំបន់​វិនិច្ឆ័យចុះបញ្ជីក្បាលដីមានលក្ខណៈជាប្រព័ន្ធ មានចំនួន៥ទីតាំងដូចតទៅ៖ ១.ភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង ២.ភូមិដូនទ្រី ឃុំជ្រៃ ៣.ភូមិទួលសាករ ឃុំតាលាស់ ៤.ចំណុចទួលសាគរត្របែក ភូមិទួលព្រំ២ ឃុំកកោះ ៥.ចំណុចបាសឹង ភូមិថ្មី ឃុំព្រៃតូច។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង ថ្លែងថា ក្រោយមានសំណូមពរពីប្រជាពលរដ្ឋ មេឃុំ អភិបាលស្រុក រហូតដល់ខេត្ត, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យពិនិត្យកិច្ចការនេះឡើងវិញ ក្នុងបំណង់ចង់ឱ្យប្រជាពលរដ្ឋ ដែលអាស្រ័យផលប្រើប្រាស់យូរហើយ អាចអាស្រ័យផលប្រើប្រាស់បានលើដីតំបន់៣នេះ បន្ទាប់មកក្រុមការងាររបស់ខេត្ត ក៏បានចុះពិនិត្យផ្ទៀងផ្ទាត់ម្តងទៀត ដែលរហូតមកដល់នឹងពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យលេខ៩០ ដើម្បីកាត់ឆ្វៀលដីចំនួន៤ស្រុក មានស្រុកថ្មគោល សង្កែមោងឫស្សី និងស្រុកឯកភ្នំ ក្នុងតំបន់មួយចំនួនដែលប្រជាពលរដ្ឋធ្លាប់រស់នៅយូរហើយ ក្នុងតំបន់៣នោះដូចជាកោះជីវាំង ព្រៃចាស់មួយចំនួនគឺឱ្យកាត់ឆ្វៀលជាភូមិកររបស់គាត់ ជាតំបន់១ ជាកម្មសិទ្ធិ ហើយដីរបស់ប្រជាពលរដ្ឋអាស្រ័យផលយូរហើយនៅក្នុងតំបន់៣ មិនឱ្យជាកម្មសិទ្ធិទេ ប៉ុន្តែកាត់ឆ្វៀលអាចប្រើប្រាស់អាស្រ័យផលបាន។

លោកអភិបាលបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅសម្រាប់ប្រជាពលរដ្ឋ ឬក៏មានឈ្មួញណាដែលហ៊ានរំលោភបំពានដីតំបន់៣ម្ដងទៀត នឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ ដោយឡែកសម្រាប់មន្រ្ដីអនុវត្តច្បាប់ក៏ដូចគ្នាដែរ ត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹងជាទីបំផុត ព្រោះថាបើមិនធ្វើការរឹតបន្តឹងច្បាប់ និងតាមរកអ្នកដែលបំផ្លិចបំផ្លាញដីតំបន់៣នេះទៀត នោះមច្ឆាជាតិនៅបឹងទន្លេសាបនឹងត្រូវបាត់បង់បន្ដិចម្ដងៗ ហើយបឹងទន្លេសាបនឹងកាន់តែរួមតូចទៅៗធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិជាធំ ដែលជាសម្បត្តិធម្មជាតិដ៏ល្អឥតខ្ចោះរបស់ប្រទេសជាតិ។

អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលសម្ដេចបានធ្វើការគិតគូរដល់ប្រជាពលរដ្ឋ ធ្វើការអាស្រ័យផលលើដីតំបន់២ តំបន់៣ នេះជាយូរណាស់មកហើយ ដើម្បីសម្រួលព្រំដីតំបន់៣មកជាតំបន់២ និងតំបន់២មកជាតំបន់១ ដើម្បីបង្កលក្ខណៈដ៏ប្រសើរដល់ជូនប្រជាពលរដ្ឋ៕