(បាត់ដំបង)៖ ដោយមានការយកចិត្តទុកដាក់ពីលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានចាត់ឱ្យក្រុមការងារសាខាដឹកនាំដោយលោក យ៉ាន ឧត្តម នាយករងសាខានិងមន្រ្តីការិយាល័យគ្រប់គ្រងគ្រោះមន្តរាយ សាខាសហកាជាមួយអនុសាខាក្រុងស្រុក ក្រុមកាកបាទក្រហមឃុំ ចុះពិនិត្យ និងវាយតម្លៃនៃផលប៉ះពាល់បន្ទាន់នៅតាមបណ្តាស្រុកនានា មានដូចជា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ច្រើនជាងគេ។

លោក យ៉ាន ឧត្តម បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងភូមិសាស្រ្តក្រុងស្រុកមួយចំនួនមាន ភ្លៀងលាយឡំមកជាមួយខ្យល់កន្ត្រាក់បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប ១១៥ខ្នងផ្ទះ លើក្រុងស្រុកចំនួន៥ លើកឃុំសង្កាត់ចំនួន២០ និងភូមិចំនួន៣៣ ក្នុងនោះ៖ ស្រុកសង្កែ ប៉ះពាល់សរុបចំនួន ៦២ខ្នងផ្ទះ ប៉ះពាល់ផ្ទះរលំទាំងស្រុងចំនួន៤ខ្នង ធ្ងន់ធ្ងរចំនួន៤៦ខ្នផ្ទះ,ស្រាលចំនួន១២ ខ្នងលើភូមិឃុំចំនួន៨ និងភូមិ១៧។

ស្រុកឯកភ្នំ ប៉ះពាល់សរុបចំនួន២៤ខ្នងផ្ទះ ប៉ះពាល់ផ្ទះ ធ្ងន់ធ្ងរចំនួន ៩ខ្នងផ្ទះ,ស្រាលចំនួន១៥ខ្នង លើភូមិចំនួន៥ លើកឃុំចំនួន៤។ ស្រុកមោងឬស្សី ប៉ះពាល់សរុបចំនួន១៥ខ្នងផ្ទះ ប៉ះពាល់ផ្ទះរលំទាំងស្រុងចំនួន១ខ្នង ធ្ងន់ធ្ងរចំនួន១២ខ្នងផ្ទះ, ស្រាលចំនួន២ខ្នង (លើភូមិ និងឃុំចំនួន៤) ។ ក្រុងបាត់ដំបង ប៉ះពាល់សរុបចំនួន១២ខ្នងផ្ទះ ប៉ះពាល់ផ្ទះធ្ងន់ធ្ងរចំនួន ៧ខ្នងផ្ទះ, ស្រាលចំនួន៥ខ្នង (លើភូមិចំនួន៥និង២
សង្កាត់)។ ស្រុកថ្មគោលប៉ះពាល់សរុបចំនួន ២ខ្នងផ្ទះ ប៉ះពាល់ផ្ទះធ្ងន់ធ្ងរចំនួន ១ខ្នងផ្ទះ, ស្រាលចំនួន១ខ្នង (លើភូមិនិងឃុំចំនួន២) ។

ក្នុងឱកាសចុះពិនិត្យតាមខ្នងផ្ទះនេះដែលក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោក យ៉ាន ឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះបាតុភូតធម្មជាតិ ដែលអាចនឹងកើតឡើងជាយថាហេតុ និងត្រូវឆាប់រាយការណ៍មកអាជ្ញាធរដែនដី ដើម្បីក្រុម ការងារចុះជួយបានទាន់ពេលវេលាផងដែរ។

សូមបញ្ជាក់ថា ក្រុមគ្រួសាររងគ្រោះទាំងអស់បានទទួលអំណោយពីសាខាខេត្ត អនុសាខាស្រុក ក្រុមការងារចុះមូលដ្ឋានជាបន្តបន្ទាប់ផងដែរ ៕