(សៀមរាប)៖ លោក រ៉ូ ប៊ីនណៃ សមាជិក នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានលើកឡើងថា ការចូលរួមរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសមន្ត្រីអនុវត្តច្បាប់ក្នុងការបង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់ឱ្យបានទាំងស្រុងនូវអំពើទារុណកម្មគ្រប់ទម្រង់ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ នៅកម្ពុជា។

លោក រ៉ូ ប៊ីនណៃ បានលើកឡើងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញប្រកាសបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពីលិខិតបទដ្ឋានជាតិ-អន្តរជាតិ និងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។

លោកបានបន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគោរពសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ ក្នុងនោះការងារប្រយុទ្ធប្រឆាំងអំពើទារុណកម្ម ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ អនុលោមតាមសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងទារុណកម្ម។ កម្ពុជាមានសុខសន្តិភាព និងស្ថេរភាព គោរពសិទ្ធិមនុស្ស និងមាននីតិរដ្ឋ ដូច្នេះយើងមិនអាចធ្វើទារុណកម្មលើជនណាម្នាក់បានឡើយ ព្រោះថាអំពើទារុណកម្មមិនត្រឹមតែជាអំពើដែលមនុស្សជាតិស្អប់ខ្ពើមប៉ុណ្ណោះទេ តែវាគឺជាបទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិចែងឱ្យផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃប្រទេសយើងផងដែរ»។

លោក រ៉ូ ប៊ីនណៃ បានបន្តថា ប្រទេសកម្ពុជា បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិនៅឆ្នាំ១៩៩២ និងពិធីសារបំពេញបន្ថែមនៅឆ្នាំ២០០៧។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលមានឯករាជ្យភាពក្នុងការបំពេញមុខងារ ដើម្បីធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល លើការងារប្រយុទ្ធប្រឆាំងអំពើទារុណកម្ម និងការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម អំពើឃោឃៅ អមនុស្សធម៌ និងធ្វើទុក្ខបុកម្និញនានា។

លោកបានបញ្ជាក់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវបានរាជរដ្ឋាភិបាលប្រគល់តួនាទី និងភារកិច្ចជាច្រើន ក្នុងនោះគឺការចុះអប់រំផ្សព្វផ្សាយ ចុះស៊ើបអង្កេតករណីជាក់ស្តែង និងចុះត្រួតពិនិត្យជាទៀងទាត់តាមបណ្តាពន្ធនាគារ កន្លែងឃាត់ខ្លួនបណ្តោះអាសន្នរបស់នគរបាលយុត្តិធម៌ និងកន្លែងដកហូតសេរីភាពនានាទូទាំងប្រទេសកម្ពុជា ដើម្បីធានាការពារ បង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់ឱ្យបានទាំងស្រុងនូវអំពើទារុណកម្មគ្រប់ទម្រង់អនុលោមតាមអនុសញ្ញា និងពិធីសារបន្ថែមរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងទារុណកម្ម ជាពិសេសគឺគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោក រ៉ូ ប៊ីនណៃ ក៏បានថ្លែងកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកលើកមុខមាត់រាជរដ្ឋាភិបាលលើឆាកអន្តរជាតិ ក្នុងវិស័យសិទ្ធិមនុស្ស។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពីលិខិតបទដ្ឋានជាតិ-អន្តរជាតិលើការបង្ការ ប្រឆាំងទារុណកម្ម និងតួនាទីភារកិច្ចរបស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្រោមអធិបតីរបស់ លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានការអញ្ជើញចូលរួមពីលោកស្រី ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងស្ថាប័នតុលាការ និងអាជ្ញាធរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តប៉ៃលិនចំនួន ២០០នាក់។

គោលបំណងនៃវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយនេះ គឺដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អ សំដៅលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពដល់អាជ្ញាធរមានសមត្ថកិច្ចទទួលខុសត្រួវកន្លែងដកហូតសេរីភាព និងតួរអង្គពាក់ព័ន្ធនានានៅក្នុងខេត្តសៀមរាប ដើម្បីធានាបង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់អំពើទារុណ​កម្មគ្រប់ទម្រង់នៅកម្ពុជា៕