(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញអាជ្ញាធរស្រុកលើកដែក ត្រូវឃ្លាំមើលជាប្រចាំ និងគ្រប់ច្រកល្ហកទាំងអស់លើបញ្ហាលំហូរជនចូលបរទេសដែលលួចចូលទឹកដីកម្ពុជាដោយខុសច្បាប់ ដោយត្រូវចាប់ខ្លួន និងបញ្ជូនទៅស្រុកគេវិញឲ្យបានជាដាច់ខាត ហើយបើជនបរទេសណានោះនៅតែបន្តរឹងទទឹង គឃ្លើន ត្រូវចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ។

លោក គង់ សោភ័ណ្ឌ បានថ្លែងជំរុញបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលប្រជុំសាលាស្រុកលើកដែកទំហំ៣០ ម៉ែត្រ x ១៧ម៉ែត្រ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣ ។

លោក គង់ សោភ័ណ្ឌ បានថ្លែងដូចនេះថា «វាជាកតព្វកិច្ចរបស់អស់លោកដែលចាំបាច់ ត្រូវទប់ស្កាត់ការឆ្លងចូលទឹកដីខ្មែរពីសំណាក់ជនបរទេស ពិសេសគឺចូលមកដោយខុសច្បាប់ ដូច្នេះត្រូវតែចាប់ខ្លួនហើយបញ្ជូនពួកគេទៅស្រុក វិញភ្លាម មិនអាចបណ្ដោយឲ្យចេញ-ចូលខុសច្បាប់ទេ ព្រោះប្រទេសយើងមានច្បាប់។ បើសិនណាពួកគេនៅតែបន្តរឹងទទឹង គឃ្លើនបន្តចូលដោយខុសច្បាប់ទៀត ត្រូវចាប់ខ្លួនដាក់គុកតែម្ដង»។

ទន្ទឹមនឹងនេះលោកអភិបាលខេត្ត ក៏បានហាមឃាត់មន្ត្រីថ្នាក់ឃុំ ដែលខ្លះទៅប្រជុំជាមួយភាគីវៀតណាមដោយចិត្តឯង ត្រូវបញ្ឈប់បន្ទាន់ ព្រោះខុសច្បាប់។ មានតែអភិបាលខេត្តទេដែលអាចទៅប្រជុំជាមួយភាគីវៀតណាមបាន ហើយការប្រជុំនេះទៀតសោត ទាល់តែអនុញ្ញាតពីនាយករដ្ឋមន្ត្រី ទើបអភិបាលខេត្តអាចទៅប្រជុំបាន មិនមែនចេះតែទៅតាមចិត្តនោះទេ ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ការរត់ពន្ធទំនិញគេចពន្ធ ការរត់ពន្ធមនុស្សជាដើម ដោយត្រូវអនិវត្តន៍ការងារនះឲ្យម៉ត់ចត់ ប្រកបដោយប្រសិទ្ធភាព ឈរលើគោលការណ៍ ស្នេហាជាតិ មាតុភូមិ ស្មោះត្រង់ចំពោះជាតិ ហើយសូមកោតសរសើរចំពោះមន្ត្រីទាំងអស់ដែលបានធ្វ់ការងារល្អនាពេលកន្លងមក និងលើកទឹកចិត្តត្រូវបន្តខិតខំបន្ថែមទៀតឲ្យបានល្អ ឲ្យមានប្រសិទ្ធភាពកាន់តែល្អឡើង។

ស្ថិតក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលប្រជុំសាលាស្រុកលើកដែកនេះ លោកអភិបាលខេត្តថ្លែងជម្រុញដល់មន្ត្រីរាជការទាំងអស់ត្រូវផ្លាស់ប្ដូរឥរិយាបថ ពីចៅហ្វាយនាយ ទៅជាអ្នកបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីទទួលបានទំនុកចិត្ត និងការជឿជាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ រដ្ឋបាលមូលដ្ឋាន មានការងារជាច្រើន ត្រូវបំរើប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋយើងត្រូវការជាចាំបាច់ដូចនេះយើងមានកន្លែងធ្វើការស្អាតហើយ ក៏ត្រូវខិតខំធ្វើការបំរើប្រជាជនយើងឲ្យបានល្អថែមទៀត៕