(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលជាស្ថានប័នដឹកនាំ សម្របសម្រួលការអនុវត្តកម្មវិធីនានា នៃប្រព័ន្ធគាំពារសង្គម បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News ថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភសាច់ប្រាក់ចំនួន ៤,២២៧,០៤៧,៤៣១,០០០រៀល ស្មើនឹងប្រមាណ ១,០៥៦លានដុល្លារ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោកបណ្ឌិតបន្តថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ ជាកម្មវិធីឧបត្ថម្ភសាច់ពិសេស និងដ៏ធំមួយមិនធ្លាប់មានពីមុនមក របស់រាជរដ្ឋាភិបាល ។ រហូតមកដល់ពេលនេះ ប្រទេសមួយចំនួនក្នុងតំបន់ បានបញ្ចប់កម្មវិធីជំនួយសង្គមបែបនេះហើយ បន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩ នៅលើពិភពលោកបានថមថយ និងបើកដំណើរសេដ្ឋកិច្ច ជាធម្មតាវិញមក។

សម្រាប់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ និងសម្រេចបន្តអនុវត្តកម្មវិធីនេះ រហូតដល់ដំណាច់ឆ្នាំ២០២៣ ដើម្បីឲ្យប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះទាំងអស់បានទទួលការគាំពារ និងបានរក្សាលំនឹងជីវភាព។

សូមជម្រាបជូនថា ការដាក់ឲ្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងគាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅ របស់គ្រួសារក្រីក្រ និងរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ តាំងពីខែមិថុនា ឆ្នាំ២០២០មក៕