(កំពង់ធំ)៖ ប្រជាពលរដ្ឋ១៦គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ តាមរយៈលោកស្រី លំ គន្ធារី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

លោកស្រី លំ គន្ធារី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងបានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែងទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់ចំពោះពលរដ្ឋរងគ្រោះ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលដោយអត់ស្បៀងអាហារនោះឡើយ»។

នាឱកាសនោះ លោកស្រី លំ គន្ធារី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់កន្រ្តាក់ និងបាតុភូតផ្សេងៗដែលកើតមានឡើងដោយយថាហេតុ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំផ្ដល់ជូន១៦គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ និងថវិកាមួយចំនួនផងដែរ៕