(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានជំរុញប្រជាកសិករបង្កើនការដាំដុះស្វាយចន្ទីរដែលមានពូជល្អឲ្យបានច្រើន ស្របពេលរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិ «កម្ពុជាជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីរទៅកាន់ទីផ្សាក្រៅប្រទេស»

លោក ជា វ៉ាន់ចាន់ បានថ្លែងបែបនេះគឺនៅក្នុងពិធីទទួលប្រតិភូក្រុមហ៊ុនវិនិយោគជប៉ុន ដែលទៅធ្វើទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ ស្ថិតនៅក្នុងភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

លោកអភិបាលរងខេត្តបានឱ្យដឹង ខេត្តកំពង់ធំជាខេត្តមានសក្ដានុពលនៅក្នុងដំណាំស្វាយចន្ទីរ ក្រៅពីដំណាំកសិឧស្សាហកម្មផ្សេងៗទៀតនោះ គឺកសិករបានធ្វើការដាំដុះនៅលើផ្ទៃដីជាង១៤ម៉ឺនហិកតា ហើយកសិផលដែល ប្រជាកសិករបានប្រមូលនិងលក់ជូនទៅឱ្យពាជណិជ្ជករនាំចេញទៅក្រៅប្រទេសមួយចំនួន ហើយចំនួនទៀតគឺបានលក់ជូនក្រុមហ៊ុនកែច្នៃ ក៏ដូចជាសិប្បកម្មផ្សេងៗផងដែរ។ ជាក់ស្ដែង គឺនៅក្នុងក្រុមហ៊ុន TPC នេះ ក៏មានការប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករយកមកកែច្នៃ ដើម្បីនាំចេញប្រទេសជប៉ុនផ្ទាល់តែម្ដង។

ក្នុងនាមអាជ្ញាធរខេត្តកំពង់ធំ លោកបានសំណូមពរដល់ប្រជាកសិករបង្កើនការថែទាំដំណាំរបស់ខ្លួន ក៏ដូចជាការប្រើប្រាស់ថ្នាំក្ដី ជីក្ដី ឬបច្ចេកទេសផ្សេងៗឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលដែលមានគុណភាព។

លោកអះអាងថា រដ្ឋបាលខេត្តក៏បានទាក់ទាញវិនិយោគិន ជាក់ស្ដែងគឺវិនិយោគិនមកប្រទេសជប៉ុនដែលអញ្ជើញមកថ្ងៃនេះគឺមានជាង១០ក្រុមហ៊ុន ដែលចាប់អារម្មណ៍ទៅលើការកែច្នៃគ្រាប់ស្វាយចន្ទីនេះ។ អ្វីដែលយើងទទួលបានក្រៅពីគ្រាប់ស្វាយចន្ទី គឺអាចយកសម្បកគ្រាប់ធ្វើជាប្រេងដែលមានគុណភាពខ្ពស់សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសជប៉ុនជាដើម។

រដ្ឋបាលខេត្តក៏បានជំរុញឱ្យវិស័យឯកជននានាដែលមានបំណងចង់វិនិយោគទៅលើការកែច្នៃគ្រាប់ស្វាយចន្ទីនេះផងដែរ ដោយរដ្ឋបាលខេត្តនឹងជួយគាំទ្រទាំងផ្នែកផ្លូវច្បាប់ ក៏ដូចជាការសម្របសម្រួលផ្សេងៗ ជួយបង្កលក្ខណៈឱ្យពួកគាត់អាចលទ្ធភាពក្នុងការបើក និងការកែច្នៃនូវគ្រាប់ស្វាយចន្ទីសម្រាប់ជួយសម្រាលបន្ទុក ពិសេសគឺទីផ្សារដ៏ធំរបស់ប្រជាកសិករ។

លោក អ៊ីម៉ាហាស៊ី តាកាយូគី IMAHASHI TAKAYUKI) តំណាងក្រុមហ៊ុន Top Planning Corporation (TPC) បានឱ្យដឹងថា ស្វាយចន្ទីរនៅប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង ជាកន្លែងផលិតស្វាយចន្ទីធំជាងគេមួយ ក្នុងពិភពលោក ប៉ុន្តែអ្វីដែលគួរឱ្យស្ដាយនោះគឺគ្មានការកន្លែងកែច្នៃច្រើនក្នុងប្រទេស ហើយឥឡូវនេះខាងក្រុមហ៊ុនជប៉ុនមានការចាប់អារម្មណ៍ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីរនៅក្នុងប្រទេសនេះ។

លោកបន្តថា ចំពោះផែនការរបស់ក្រុមហ៊ុន មិនសំដៅតែទីផ្សារប្រទេសជប៉ុនទេ គឺអាចទៅកាន់ទីផ្សារប្រទេសចិន អឺរ៉ុប អូស្ត្រាលីជាដើម ប៉ុន្តែដោយសារដំបូងនេះគឺធ្វើការសាកល្បងទៅលើទីផ្សារជប៉ុនសិន ហើយយើងក៏ទទួលបានជោគជ័យរហូតទៅដល់មានផ្សារទំនើបចំនួន៣០០កន្លែង ដែលទទួលទិញផលិតផល។

លោកស្រី អ៊ិន ឡៃហួត អ្នកគ្រប់គ្រងរោងចក្រសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ បានលើកឡើងថា មកដល់ឆ្នាំ២០២៣ ជ័យសម្បូរបានរៀបចំកែច្នៃរៀបចំពង្រីកទីផ្សារ និងធ្វើការសហការជាមួយក្រុមហ៊ុន Top Planning ផងដែរ។

សម្រាប់ការចុះកុងត្រាជាមួយកសិករនៅក្នុងជ័យសម្បូរមានចំនួន៩ក្រុម អេស៊ីនៅខាងព្រះវិហារមានចំនួន៤ក្រុម ចំណែកនៅកំពង់ធំកំពុងរៀបចំសហការជាមួយខាងអេស៊ីកំពង់ធំចំនួន៤ក្រុមទៀត ហើយជាពិសេស គឺមានកសិករគំរូ របស់ជ័យសម្បូរ គឺមានចំនួន៥០គ្រួសារហើយ ដូច្នេះសម្រាប់ការចុះកុងត្រាជាមួយកសិករ គឺមិនទាន់ប្រមូលទិញពីគាត់អស់ទេ គឺទិន្នផលដែលកសិករប្រមូលបានមានបរិមាណច្រើន ដោយសារជ័យសំបូរនៅមានកម្រិតនៅឡើយ អ៉ីចឹងយើងរៀបចំជាស្ដង់ដាមួយ ដើម្បីប្រមូលទិញជាគំរូសាកល្បងជាមួយកសិករ បើសិនយើងធ្វើការប្រមូលទិញពីកសិករគំរូទាំង៩ក្រុម យ៉ាងហោចណាស់ក៏បានចំនួនពីរពាន់តោនដែរ។ ប៉ុន្តែសម្រាប់ទាំង៩ក្រុមនោះ ត្រូវការចំណាយដើមទុនច្រើន បើសិនយើងត្រូវការកុងត្រាពីគាត់ ប៉ុន្តែដោយសារយើងទើបតែចាប់ផ្ដើម មិនទាន់ជាក់ជាក់ជាមួយពួកគាត់ ។

ផែនការនៅក្នុងការចុះ MOU នេះ បើសម្រាប់ក្រុមហ៊ុន ជ័យសម្បូររបស់យើងនេះ មានការផ្គត់ផ្គង់ឱ្យក្រុមហ៊ុនចំនួន៣ គឺមានជប៉ុន កូរ៉េ និងកាណាដា ប៉ុន្តែនៅក្នុងនោះក៏មានចិនផងដែរ ហើយយើងគិតថាបរិមាណនៅក្នុងការផ្គត់ផ្គង់ គឺមានផលិតផលសម្រេចពី៤០០ទៅ៥០០តោន ស្មើនឹងគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃចំនួន១៥០០តោន ដែលត្រូវផ្គត់ផ្គង់ក្នុងឆ្នាំ២០២៣។

លោកស្រីផ្ដាំផ្ញើទៅដល់ប្រជាកសិករដាំស្វាយចន្ទីទាំងអស់ចូលរួមគាំទ្រទៅលើស្តង់ដា ដើម្បីឱ្យគុណភាពគ្រាប់ស្វាយចន្ទីកម្ពុជារកបានទីផ្សារកាន់តែល្អ ដើម្បីឱ្យក្រុមវិនិយោគចូលរួមគាំទ្រស្ដង់ដារបស់យើងកាន់តែច្រើន។

លោកស្រីក៏បានស្នើឱ្យរាជរដ្ឋាភិបាលជួយជ្រោមជ្រែងផ្សព្វផ្សាយទីផ្សារ និងជួយជ្រោមជ្រែងឱ្យមានការបើកវគ្គបណ្ដុះបណ្ដាលផ្ទាល់ជាមួយកសិករនៅក្នុងវគ្គគ្រប់គ្រង ក្រោយប្រមូលផលដើម្បីទទួលបានស្ដង់ដា គ្រាប់ស្រស់ឱ្យបានល្អប្រសើរ ដើម្បីធ្វើឱ្យស្វាយចន្ទីកម្ពុជាកាន់តែប្រសើរឡើង៕