(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកសកម្មពិសេស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Umit Naci Yorulmaz អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍តួកគី (TIKA) នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេល១០ចុងក្រោយនេះ កម្ពុជាបានបញ្ជូនសិស្សនិស្សិតជាច្រើន ទៅសិក្សានៅប្រទេសតួកគី ហើយពួកគេបានត្រឡប់មកវិញ ជាមួយសមត្ថភាព ចំណេះជំនាញគ្រប់គ្រាន់ ក្នុងការបំពេញការងារក្នុងផ្នែកផ្សេងៗ និងជួយអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបន្ដថា អតីតកាលកម្ពុជាជាប្រទេសមួយ ដែលមានសង្គ្រាមរាំរ៉ៃប្រមាណជាង៣០ឆ្នាំ ប៉ុន្តែនាពេលបច្ចុប្បន្នកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។ជាពិសេសរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើគ្រប់សាសនាទាំងអស់ ដែលក្នុងនោះសហគមន៍ឥស្លាម ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។

ជាមួយគ្នា ទេសរដ្ឋមន្ត្រីបានបន្ថែមថា ទោះបីជាកម្ពុជាមានការរីកចម្រើនក្តី ប៉ុន្តែកម្ពុជាក៏ចាំបាច់ត្រូវការបណ្តាប្រទេសនានាលើសកលលោក ដើម្បីជួយអភិវឌ្ឍសង្គមជាតិ។ ក្នុងន័យនេះ លោកបណ្ឌិតបានស្នើឲ្យ TIKA ជួយគាំទ្រលើគម្រោងទាំងឡាយណា ដែលអាចជួយបាន និងបម្រើដល់សង្គមជាតិ ក៏ដូចជាសហគមន៍ឥស្លាម។ ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរអរគុណដល់រដ្ឋាភិបាលតួកគី ប្រជាជន តួកគី ដែលកន្លងមកតែងតែជួយគាំទ្រលើវិស័យផ្សេងៗដល់កម្ពុជា ជាពិសេសលើ វិស័យអប់រំ និងសកម្មភាពមនុស្សធម៌នានា។

ជាការឆ្លើយតប លោក Umit Naci Yorulmaz បានលើកឡើងថា TIKA កំពុងអនុវត្តគម្រោងនានា ដូចជា គម្រោងសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ គម្រោងសូត្រចាម និងបន្តធ្វើសកម្មភាពផ្សេងៗទៀត នៅពេលអនាគត ដើម្បីជួយរួមចំណែកអភិវឌ្ឍកម្ពុជា។ លោកក៏បានគាំទ្រយ៉ាងពេញទំហឹង និងកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំឥស្លាមកម្ពុជា ចូលរួមចំណែកការងារ ជាមួយរដ្ឋាភិបាល។

សូមជម្រាបជូនថា TIKA ជាភា្នក់ងារជាតិរបស់សាធារណតួកគី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ ក្នុងគោលបំណងផ្តល់ជំនួយបច្ចេកទេសទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ បច្ចេកវិទ្យា អប់រំ និងការអភិវឌ្ឍសង្គម តាមរយៈការអភិវឌ្ឍគម្រោង និងកម្មវិធីនានា។

ទីភ្នាក់ងារ TIKA មានស្នាក់ការនៅ ៦០ប្រទេស ធ្វើសហប្រតិបត្តិការនៅជាង១៥០ប្រទេស ដែលមានសកម្មភាពចម្បងលើកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់ការអភិវឌ្ឍស្ថាប័នធនធានមនុស្ស។ TIKA ក៏ផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធធារាសាស្ត្រ អនាម័យ និងគម្រោងដឹកជញ្ជូន ព្រមទាំងសាងសង់ និង ជួសជុលសាលារៀន មន្ទីរពេទ្យ ស្ថាបត្យកម្ម និងផ្តល់ជំនួយផ្នែកមនុស្សធម៌ផងដែរ៕